ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងប្រកាសថា ការធ្វើតេស្ដមីស៊ីលកាលពីម្សិលមិញគឺជាការត្រៀមប្រឈមមុខរយៈពេលវែងជាមួយសហរដ្ឋអាមេរិក

(សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ដោយដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ មីនា ម្សិលមិញនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ស៊េរីថ្មីមួយ ដើម្បីពង្រឹងសមត្ថភាពយោធា និងជាការត្រៀមលក្ខណៈប្រឈមមុខរយៈពេលវែងជាមួយសហរដ្ឋអាមេរិក។

សូមជម្រាបថា ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺជាការធ្វើតេស្ដមីស៊ីលដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើងជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក ដោយមីស៊ីលនេះត្រូវបានគេរាយការណ៍ថា អាចហោះនៅរយៈកម្ពស់ខ្ពស់ និងធ្វើដំណើរបានឆ្ងាយជាងមីស៊ីលប្រភេទដូចគ្នានេះ ដែលទីក្រុងព្យុងយ៉ាងធ្លាប់បានបាញ់សាកល្បងកន្លងមក។

បើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា មីស៊ីលខាងលើនេះ មានឈ្មោះថា វ៉ាសុង-១៧ (Hwasong-17) ដែលត្រូវបានធ្វើតេស្ដក្រោមការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ហើយមីស៊ីលនេះអាចហោះបានក្នុងរយៈកម្ពស់អតិបរមា ៦,២៤៨.៥គីឡូម៉ែត្រ និងចម្ងាយ ១,០៩០គីឡូម៉ែត្រពីគោលដៅដែលបានកំណត់។

ជាមួយគ្នានេះដែរ តាមប្រភពខាងលើ មីស៊ីលប្រភេទ វ៉ាសុង-១៧ (Hwasong-17) នេះ គឺជាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលកូរ៉េខាងជើងសម្ញែងជាលើកដំបូងក្នុងព្យុហយាត្រាយោធា កាលពីខែតុលា ឆ្នាំ២០២០ និងត្រូវបានអ្នកជំនាញខ្លះដាក់រហ័ស្សនាមឱ្យថា «មីស៊ីលបិសាច»

ប្រភព៖ KCNA, Reuters, FN