រដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់កម្លាំងគណៈបញ្ជាការឯកភាព ត្រូវខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ពោធិ៍សាត់៖  ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃព្រសហ្បតិ៍៥រោច ខែចេត្រ ឆ្នាំខាល ចត្វាសក ពស ២៥៦៥ ត្រូវនិងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានអំពាវនាវកម្លាំងគណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់ ត្រូវសហការខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ។

ឯកឧត្តមបានលើកឡើងបែបនេះ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំប្រចាំខែ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត  ដោយបានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្តតំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង ស្រុក និងអង្គភាពចំណុះសាលាខេត្ត ជាច្រើននាក់ទៀត។

ឯកឧត្តម ជាវ តាយ បានលើកឡើងទៀតថា ពាក់ព័ន្ធនឹងល្បែងស៊ីសង ការប្រើប្រាស់គ្រឿងញៀន គឺជាចំណុចដែលប្រជាពលរដ្ឋកំពុងតែធ្វើការកត់សម្គាល់ ដូច្នេះហើយឯកឧត្តមសូមស្នើដល់លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ នៅតាមបណ្តាឃុំសង្កាត់ទាំងអស់ទូទាំងខេត្ត។ ចំពោះលោកអភិបាលក្រុង ស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរបស់ខ្លួន ក៏ត្រូវយកចិត្តទុកដាក់ និងត្រួតពិនិត្យមើលបន្ទាន់ផងដែរ ព្រោះយើងជាអ្នកគ្រប់គ្រងរួម ធ្វើយ៉ាងណាកាត់បន្ថយពីច្រើនទៅតិច ពីតិចទៅតិចបំផុត និងពីតិចបំផុតទៅគ្មាន។

ឯកឧត្តមបានបន្ថែមថា បញ្ហាសម្រាម គឺជាបញ្ហាចម្បងមួយ ដែលទាមទារឱ្យបណ្តាក្រុង ស្រុកទាំងអស់ ត្រូវចូលរួមធ្វើការផ្សព្វផ្សាយដល់ស្រទាប់មហាជន ព្រោះវាជាផលប៉ះពាល់ធ្ងន់ធ្ងរមួយ ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងលិខិតលេខ ៣១៦.. របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាព ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣, ឯកឧត្តម សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈសម្បត្តិឱ្យបណ្ដាបក្សនយោបាយ ដែលនឹងត្រូវចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ ទទួលបាននូវឱកាសសម្រាប់ការជួបជុំការ ចុះទៅជួបប្រជាជនដែលជាសមាជិកសមាជិការបស់ពួកគេ ដោយគ្មានការរំខានណាមួយ ហើយយើងត្រូវខិតខំការពារសុវត្ថិភាពរបស់បណ្ដាបក្សទាំងនោះដោយគោរពតាមច្បាប់ និងគ្មានអំពើហិង្សា គ្មានមនុស្សរបួស និងស្លាប់ ដោយសារការមិនយល់ពីច្បាប់គណក្សនយោបាយ។

ឯកឧត្តមសូមឱ្យក្រុមហិរញ្ញវត្ថុ ត្រួតពិនិត្យមើលថវិកាដែលមានស្រាប់ ត្រូវចាត់ចែងថវិកាទាំងអស់នោះ ដើម្បីការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព និងធ្វើយ៉ាងណាឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ មានជំនឿទុកចិត្តមកលើរដ្ឋបាលដឹកនាំរបស់យើង។

អ្វីដែលជាចំណុចសំខាន់ នៅចុងក្រោយនេះ ឯកឧត្តមសូមឱ្យចាត់វិធានការក្តៅ ដោយគ្មានការលើកលែង ចំពោះក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ដោយធ្វើយ៉ាងណាឱ្យ ភូមិ ឃុំ សង្កាត់ របស់យើងមានសុខសុវត្ថិភាព៕