រដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំណែនាំប្រមូលតម្រូវការគម្រោង សកម្មភាពនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២៣-២០២៥

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នុធ ពុធតារា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំណែនាំប្រមូលតម្រូវការគម្រោង សកម្មភាពនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត២០២៣២០២៥ ដោយបានការចូលរួមពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំង១១ផងដែរ។

ឯកឧត្តម នុធ ពុធតារា អភិបាលរងខេត្តកណ្តាលមានប្រសាសន៏ថា៖ ដោយអនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុងស្រុក ខណ្ឌ និងតាមប្រកាសអន្តរក្រសួង គឺក្រសួងមហាផ្ទៃ និងក្រសួងផែនការ ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សា រាជធានីខេត្ត ក្រុងស្រុក ខណ្ឌ រួច រដ្ឋបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ ត្រូវរៀបចំកសាងផែនការអភិវឌ្ឍន៍សម្រាប់អាណត្តិរបស់ខ្លួន

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថាកិច្ចប្រជុំនាពេលនេះមានគោលបំណងសំខាន់ គឺដើម្បីណែនាំដល់ក្រុង ស្រុក និងរដ្ឋបាលខេត្ត រៀបចំ និងកំណត់តម្រូវការគម្រោងវិនិយោគជាអាទិភាពរបស់ប្រជាពលរដ្ឋសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថវិកាខេត្ត និងសម្រាប់ប្រើប្រាស់ជាធាតុចូលដល់មន្ទីរ អង្គភាពក្នុងការរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន

ចំពោះសំណើគម្រោងទាំងឡាយដែល ក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធលើកឡើងត្រូវ យកចិត្តទុកដាក់ធើ្វយ៉ាងណាអោយសមស្របតាមលក្ខណៈវីនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅ ណែនាំបច្ចេកទេស សំណើគម្រោងវិនិយោគ ត្រូវរៀបចំ និងស្នើឡើងដោយឡែក លើលក្ខណៈវិនិច្ឆ័យដូចជាខាងក្រោម៖

.ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍ គម្រោង ឬសេវាដែលឆ្លើយតបទៅនឹងគោលបំណង គោលដៅនិងដំណោះស្រាយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍

.ស្ថិតក្នុងដែនសមត្ថកិច្ចខេត្ត គម្រោង ឬសេវាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាល

.ស្ថិតក្នុងអន្តររដ្ឋបាលដែនដី គម្រោង ឬសេវាដែលមានលក្ខណៈអន្តរក្រុងស្រុក

.កំណត់អតិបរមាលើចំនួនគម្រោង ត្រូវកំណត់យកគម្រោងតាមចំនួន ដែលបានកំណត់ករណីដែលមានការស្នើឡើងច្រើន

ឯកឧត្តមបានផ្តាំផ្ញើរដល់មន្ទីរអង្គភាពក្រុងស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូលមូលហេតុ និងដំណោះស្រាយអោយបានច្បាស់លាស់ មន្ទីរអង្គភាពត្រូវកំណត់គោលនយោបាយ និងតួនាទីរបស់ខ្លួនអោយបានច្បាស់លាស់ ត្រូវចូលរួមគ្រប់សកម្មភាពក្នុងដំណើរការកសាងកម្មវិធីវិនិយោគ ដោយផ្ដល់ព័ត៌មាន ( ធាតុចូល ) បានទាន់ពេលវេលាដែលក្រុមការងារកំណត់ ដើម្បីអោយដំណើរការប្រព្រឹត្តិទៅស្របតាមប្រតិទិនការងារដែលបានគ្រោងទុកនិងត្រូវចាត់អាទិភាពគម្រោង ដើម្បីអនុវត្តស្របតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋាន។

ក្រុមជំនួយការ និងអ្នកសម្របសម្រួល ត្រូវខិតខំអោយអស់លទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល បើមានបញ្ហាត្រូវរាយការណ៍ និងសុំយោបល់ប្រធានក្រុងការងារដើម្បីដោះស្រាយទាន់ពេលវេលា

ឯកឧត្តមបានបន្តទៀតថា ត្រូវអនុវត្តតាមនិតិវិធីដែលថ្នាក់ជាតិណែនាំ ដោយមិនត្រូវរំលងសកម្មភាពណាមួយឡើយ និងត្រូវខិតខំយកចិត្តទុកដាក់ក្នុងការកំណត់តម្រូវការសម្រាប់រៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ទទួលបានជោគជ័យតាមការគ្រោងទុកដោយទទួលខុសត្រូវខ្ពស់ លើតួនាទីភារកិច្ចរបស់ខ្លួន