ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អគ្គស្នងការរងនគរបាលជាតិ សរសើរដល់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំការពារសន្តិសុខជូនប្រជាពលរដ្ឋបានល្អប្រសើរ

បន្ទាយមានជ័យ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ បានកោតសរសើរ​ដល់កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំភារកិច្ចរបស់ខ្លួនក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ការថ្លែងនេះក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យពង្រឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពង្រឹងកម្លាំងការពារតាមការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោត មណ្ឌលគឃ.សបនិងផ្សព្វ​ផ្សាយផែនការផ្សេងៗ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃសៅរ៍ ១ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ  ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមាន ជ័យ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលការងារសេនាធិការ ស្នងការរង ទទួលផែនធនធានមនុស្ស  លោកនាយការិយាល័យ ពាក់ព័ន្ធ លោកអធិការ អធិការរង ទទួលការងារសេនាធិការផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ឆាយ គឹមខឿន បានបញ្ជាក់ថា ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កន្លងមកបានរៀបចំធ្វើបញ្ជីឈ្មោះកម្លាំងការពារការិយាល័យ ចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត បានល្អ ។មួយវិញទៀតពិនិត្យឃើញថា ដើមឆ្នាំ២០២២នេះ សភាពការណ៍បទល្មើសព្រហ្មទណ្ឌក៏មានការថយចុះ ដែលនេះគឺបង្ហាញឲ្យឃើញពីការយកចិត្តទុកប្រឹងប្រែងរបស់កងកម្លាំងនគរបាលទាំងអស់ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តបានល្អប្រសើរ គួរជាទីមោទនៈ ។

ទាក់ទិននឹងដំណើរការបោះឆ្នោត ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានណែនាំដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នូវកិច្ចការងារមួយចំនួនដូចជា៖ ១/-រៀបចំប្រព័ន្ធសន្តិសុខ និងដាក់ពង្រាយកម្លាំងសម្រាប់ការពារដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នាពេលខាងមុខនេះ បើខ្វះកម្លាំងនគរបាលត្រូវបញ្ចូលកម្លាំងប្រជាការពារបន្ថែម ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងដំំណើរការបោះឆ្នោតនោះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព យុត្តិធម៌ គ្មានអំពើហឹង្សាគ្មានការគម្រាមកំហែង ចាប់ដំណើរការបោះឆ្នោតរហូតដល់រាប់សន្លឹកឆ្នោរនិងដឹកជញ្ជូនសន្លឹកឆ្នោត ។ ២/- ពង្រឹង សមត្ថភាពបន្ថែមនិងបង្កើនប្រសិទ្ធភាពការងារដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ នៅក្នុងខេត្តបន្ទាយមានជ័យ។ ៣/-ផ្នែកវិទ្យុទាក់ទងរឹតបន្តឹងលើការងារប្រើប្រាស់ និងពង្រីកប្រព័ន្ធទំនាក់ទំនងវិទ្យុទាក់ទងរបស់កងកម្លាំងឲ្យកាន់​តែមានភាពងាយស្រួលក្នុងពេលបំពេញការងារ។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយឯក ឆាយ គឹមខឿន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងអស់ សូមកុំឲ្យមានមោទនភាពថាគ្មានបទល្មើស គឺត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបទល្មើសទាំង​ឡាយកុំឲ្យកើតមាន ដែលនាំឲ្យជះនូវឥទ្ធិពលមិនល្អ នៅក្នុងពេលដំណើរការបោះឆ្នោត ៕