ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍២ករណីនៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយបណ្ដាលឲ្យមនុស្ស០២នាក់ស្លាប់ភ្លាមៗ

ពោធិ៍សាត់៖  គ្រោះថ្នាក់ចរាចរណ៍២ករណីនៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយបណ្ដាលឲ្យមនុស្ស០២នាក់ស្លាប់នៅកន្លែងកើតហេតុក្នុងស្រុកបាកាន កាលពីថ្ងៃអាទិត្យ៨កេីត ខែពិសាខ ឆ្នាំខាល ចត្វាសក ពស ២៥៦៥ ត្រូវនិងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២

ករណីគ្រោះថ្នាក់ចរាចរណ៍ទី១កើតឡើងនៅវេលាម៉ោង១២និង៤០នាទី នៅចំណុចចន្លោះគីឡូម៉ែត្រលេខ២១៨និង២១៩ លើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិស្វាយដូនកែវ១ ឃុំស្វាយដូនកែវ ស្រុកបាកាន មានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AH-3756 បើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ស្របទិសគ្នា បើកបរដោយឈ្មោះ ពេញ ហ៊ាអាយុ២១ឆ្នាំមានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង(ស្លាប់នៅហ្នឹងកន្លែង) មុខរបរបុគ្គលិកក្រុមហ៊ុនមេតាខេអ៉ិច ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកចំគូទរថយន្តម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AM-8730  អ្នកបើកបររថយន្តឈ្មោះ ញឹម សារឹត អាយុ៤៣ឆ្នាំ ភេទ ប្រុស រស់នៅភូមិអំពឹប ឃុំមានជ័យ  ស្រុកសំឡូតខេត្តបាត់ដំបង។ក្រោយពេលកើតហេតុ រថយន្តបានបើករត់ឆ្ពោះទៅទិសខាងកើត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះឃាត់បានយកមករក្សាទុក ចំពោះសាកសពសមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿនអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន វត្ថុតាងរថយន្ត ម៉ូតូនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចប្រគល់ឲ្យជំនាញចរាចរណ៍ខេត្តដើម្បីចាត់ការតាមនីតិវិធី។

ករណីគ្រោះថ្នាក់ចរាចរណ៍ទី២កើតឡើងនៅវេលាម៉ោង២០និង៤៥នាទី នៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២០២និង២០៣ ស្ថិតនៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានរថយន្ត០១គ្រឿង មិនស្គាល់ម៉ាកបើកបរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយមនុស្សដើរឆ្លងផ្លូវពីត្បូងមកជើងជនរងគ្រោះឈ្មោះ ពាវ ឆាយហុី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន(ស្លាប់នៅនឹងកន្លែងកើតហេតុ)រីឯរថយន្តបានបើករត់គេចខ្លួនទៅទិសខាងកើតបាត់។

ចំពោះសាកសពយើងបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿនអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ចំពោះរថយន្តនិងអ្នកបើកបរសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តដើម្បីយកមកដោះស្រាយតាមនីតិវិធី៕