ព័ត៌មានក្នុងប្រទេស

សូមចូលរួមអបអរសាទជាមួយប្រជាពលរដ្ឋខេត្តកោះកុង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី)

ខេត្ត​កោះកុង​៖​ ថ្ងៃចន្ទ ១៥ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២សូមចូលរួមអបអរសាទជាមួយប្រជាពលរដ្ឋខេត្តកោះកុង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី)

ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកោះកុង និងដោយមានការជួយជ្រោមជ្រែងពីសំណាក់ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជាពលរដ្ឋទូទាំងខេត្តកោះកុង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ/ប័ណ្ណកម្មសិទ្ធិដីធ្លី (បប០១) ជាង១ម៉ឺនប័ណ្ណ និងក្បាលដី។
តាមការចង្អុលបង្ហាញ ណែនាំ និងការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) នៃដីចំនួន ៥ភូមិ មានទីតាំងស្ថិតនៅស្រុកកោះកុង និងស្រុកមណ្ឌលសីមា ស្មើនឹង ១១២៩ក្បាលដី ជូនលោកអភិបាលស្រុក ដើម្បីយកទៅប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំង ៥ភូមិនេះ រួមមាន៖
១. ភូមិដីទំនាប (ស្រុកកោះកុង) ចំនួន ១៤១ ក្បាលដី ២.ភូមិត្រពំាងរូង (ស្រុកកោះកុង) ចំនួន៧៨ ក្បាលដី ៣.ភូមិកោះកុងក្នុង (ស្រុកកោះកុង) ចំនួន១០៩ ក្បាលដី ៤.ភូមិព្រែកអង្គុញ (ស្រុកកោះកុង) ចំនួន១៧០ ក្បាលដី ៥.ភូមិកោះប៉ោ (ស្រុកមណ្ឌលសីមា) ចំនួន៦៣១ក្បាលដី
ចំពោះស្រុកផ្សេងៗទៀត នឹងចែកជូនជាបន្តបន្ទាប់។