ព័ត៌មានក្នុងប្រទេស

ពិធីបុណ្យបញ្ចុះបឋមសិលា និងបុណ្យផ្កាប្រាក់​សាមគ្គី ដើម្បីកសាងព្រះពុទ្ធរូប ព្រះភ្នែន ៩ម៉ែត្រ ក្នុងវត្តគិរីមាលីជលសាធម្មទស្សនាស្ថិតនៅលើភ្នំត្រង៉ោល

ខេត្តកោះកុងថ្ងៃអាទិត្យ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២២លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះបឋមសិលា និងបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងព្រះពុទ្ធរូប ព្រះភ្នែន ៩ម៉ែត្រ ក្នុងវត្តគិរីមាលីជលសាធម្មទស្សនា ស្ថិតនៅលើភ្នំត្រង៉ោល ក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ

លោកជំទាវអភិបាលខេត្ត បានថ្លែងអំណរព្រះគុណចំពោះព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង ដែលបានផ្តួចផ្តើមកសាងព្រះពុទ្ធរូប ព្រះភ្នែន ៩ម៉ែត្រ ក្នុងវត្តគិរីមាលីជលសាធម្មទស្សនា ស្ថិតនៅលើភ្នំត្រង៉ោល ក្នុងភូមិជីមាល ឃុំអណ្ដូងទឹក នាពេលនេះ ដោយមានកិច្ចសហការពីអាជ្ញាធរស្រុកបូទុមសាគរសាគរ ព្រមទាំងមានការជ្រោមជ្រែងឧបត្ថម្ភពីប្រជាពុទ្ធបរិស័ទ ដែលជាការចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមដំបូលសន្តិភាព ដែលដឹកនាំរាជរដ្ឋាភិបាល ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ព្រះពោធិបារមី នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ព្រះពុទ្ធរូប ព្រះភ្នែន ៩ម៉ែត្រ ដែលបានកសាងនៅទីនេះ ទុកជាទីគោរពសក្ការៈសម្រាប់កម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការបំពេញបុណ្យកុសលរបស់ប្រជាពុទ្ធបរិស័ទទាំង៤ទិស នៃប្រជាជាតិខ្មែរដ៏រុងរឿង ហើយក៏ជាសមិទ្ធផលដែលមិនអាចកាត់ថ្លៃបាន ដើម្បីគាំទ្រព្រះពុទ្ធសាសនា ក្នុងអត្ថន័យបណ្ដុះបណ្ដាល សទ្ធាជ្រះថ្លាកសាងសតិបញ្ញាស្មារតី គុណធ៌ម សីលធម៌ និងសុជីវធម៌ក្នុងការរស់នៅរបស់ប្រជាជន។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត ក៏សូមអំពាវនាវ ដល់ពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាទាំងក្នុងនិងក្រៅប្រទេស មេត្តាចូលរួមតាមសទ្ធាជ្រះថ្លា ដើម្បីបានកសាងព្រះពុទ្ធរូប និងកសាងវត្តនេះឱ្យបានល្អប្រសើរឡើងសម្រាប់ជាមរតកដួងព្រលឹងជាតិ នៃប្រជាជាតិខ្មែរតរៀងទៅ៕