ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល នឹងបោះឆ្នោតរំលាយសភាហើយរដ្ឋមន្ត្រីការបរទេសនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន

(តែល អាវីវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វតាលី ប៊េនណេត (Naftali Bennett) និងរដ្ឋមន្ត្រីការបរទេស លោក យ៊ែរ ឡាភីដ (Yair Lapid) បានឯកភាពគ្នាក្នុងការរំលាយសភា ដើម្បីបើកផ្លូវទៅរកការរៀបចំការបោះឆ្នោតសកលថ្មីមួយ ហើយកំឡុងពេលអន្តរកាលនេះ លោក ឡាភីដ (Lapid) នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន។

ផ្អែកលើប្រភពព័ត៌មានដែលខ្លួនទទួលបានពីមន្ត្រីអ៊ីស្រាអែលម្នាក់ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងទៀតថា ការបោះឆ្នោតរំលាយសភានឹងត្រូវធ្វើឡើងនៅសប្ដាហ៍ក្រោយ ហើយការសម្រេចចិត្តរៀបចំការបោះឆ្នោតរំលាយសភានេះទៀតសោតន៍ បានកើតមានឡើងបន្ទាប់ពីលោក ប៊េនណេត (Bennett) មិនអាចគ្រប់គ្រងសម្ពាធលើរដ្ឋាភិបាលចម្រុះដ៏ផុយស្រួយរបស់លោក ហើយនៅក្រោយការបោះឆ្នោតរំលាយសភាដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ លោក ឡាភីដ (Lapid) នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតដល់មានការបោះឆ្នោតសកលសាជាថ្មី និងជាលើកទី០៥ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២១ លោក ប៊េនណេត (Bennett) និងលោក ឡាភីដ (Lapid) បានបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្រោយជាប់គាំងនយោបាយជាង ០២ឆ្នាំ ដើម្បីបិទបញ្ចប់ការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)

ប្រភព៖ Reuters, Fresh News