រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា

ខេត្តបាត់ដំបង៖​ នៅរសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហ្សាក់ ប៉ឺឡេ  (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ព្រមទាំងគណៈប្រតិភូ នៅសាលប្រជុំB១ (VIP) សាលាខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ពិតណាស់រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ដល់អាការចរស៊ីវិល ឱ្យធ្វើការកែលំអ អាកាសយានដ្ឋាបាត់ដំបង ឱ្យក្លាយទៅជាអាកាសយានដ្ឋាន ប្រភេទ4C ដែលមានកម្រិតស្មើនឹងខេត្តសៀមរាប ហើយបច្ចុប្បន្នក្រុមការងារកំពុងតែរៀបចំលើគម្រោងមួយនេះ។ ឯកឧត្តមបានបន្តទៀតថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការខិតខំក្នុងការថែរក្សាសំណង់អគារបុរាណមួយនេះ តែក៏មានបញ្ហាមួយចំនួនដែលពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកទេស និងថវិកាមួយចំនួនដើម្បីអភិវឌ្ឍន៍តំបន់អភិរក្សទាំងនេះ។ ឯកឧត្តមបានបន្តទៀតថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការហាមឃាត់ប្រជាពលរដ្ឋដែលបានធ្វើការជួសជុលផ្ទះដែលជាសំណង់បុរាណដោយខុសពីទម្រង់ដើមនៃអគារ ដោយក្នុងនោះយើងនឹងធ្វើការពិនិត្យលទ្ធភាពដល់ផ្ទះដែលបានកែប្រែខុសពីទម្រង់ដើម។ ឯកឧត្តមបានបន្តទៀតថា ខេត្តបាត់ដំបង ក៏មានផ្សារមួយដែលជាសំណង់តាំងពីសម័យអាណានិគមបារាំង ដែលកំពុងជួបប្រទះហានិភ័យ ដែលក្នុងនោះឯកឧត្តមបានសំណូមពរដល់ប្រទេសបារាំង តាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពជួយដល់សំណង់អគារនេះតាមលទ្ធភាពជាក់ស្ដែង ហើយថ្ងៃក្រោយតំបន់អភិរក្សបេតិកភណ្ឌ ដែលមានសំណង់អគារបុរាណនេះ នឹងធ្វើឱ្យខេត្តបាត់ដំបង អាចរកចំណូលតាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្ត។ 

ឯកឧត្តម បានបន្តទៀតថា ខេត្តបាត់ដំបង នៅមានបញ្ហាផ្សេងទៀត គឺកង្វះរោងចក្រកែច្នៃផលិតផលកសិកម្ម ដែលរដ្ឋបាលខេត្តកំពុងធ្វើការគិតគូរស្វែងរកអ្នកវិនិយោគលើវិស័យនេះ ដើម្បីយើងមានលទ្ធភាពកែច្នៃផ្លែឈើ នាំចេញទៅក្រៅប្រទេសបានយ៉ាងងាយស្រួល ។  

ឯកឧត្តម ហ្សាក់ ប៉ឺឡេ  (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំព្យាយាមក្នុងការថែរក្សាសំណង់អគារបុរាណនានា ដែលកសាងឡើងតាមសម័យអាណានិគមនិយមបារាំង និងបានធ្វើការជួសជុលជាអន្លើកន្លែងដែលការខូចខាត ដើម្បីរក្សានូវសំណង់អគារបុរាណនោះបានល្អប្រសើរ ដោយក្នុងនោះដែរ លោកក៏មានការចាប់អារម្មណ៍ទៅលើគម្រោងដែលដាក់ឱ្យដំណើរការឡើងវិញអាកាសយានដ្ឋានបាត់ដំបង ដែលនេះគឺជាផ្លូវមួយឈានទៅរកដឹកជញ្ជូនកាន់តែមានភាពងាយស្រួល និងបង្កឱ្យមានការលើកស្ទួយនៅក្នុងវិស័យដឹកជញ្ជូននៅខេត្តបាត់ដំបង កាន់តែមានការរីកចម្រើន។ 

ឯកឧត្តម ហ្សាក់ ប៉ឺឡេ  (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា បានបន្តទៀតថា ទាក់ទងទៅនឹងការអភិរក្សសំណង់បេតិកភណ្ឌក៏យើងបានធ្វើការគិតគូផងដែរ នៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន តែអ្វីដែលយើងត្រូវដឹងគឺផែនការអភិវឌ្ឍន៍ និងអភិរក្ស សំណង់បេតិកភណ្ឌ សតវត្សន៍ទី២០ ដែលយើងត្រូវធ្វើការសិក្សាអំពីប្លង់លំអិតជាមុនសិនផងដែរ និងធ្វើការពិភាក្សាជាមួយដៃគូនៃប្រទេសបារាំង។ 

លោកបានបន្តទៀតថា ប្រទេសបារាំងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងន័យធ្វើការអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើន និងបន្តផ្សព្វផ្សាយដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគ ឱ្យមកខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ៕