ព័ត៌មានអន្តរជាតិ

ទីបំផុត ប្រទេសហ្វាំងឡង់និងស៊ុយអែតទទួលបានការអញ្ជើញជាផ្លូវការដើម្បីក្លាយជាសមាជិកអង្គការ ណាតូ ហើយ ក្រោយតួកគីយល់ព្រមលុបចោលការជំទាស់

(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២សប្តាហ៍នេះ អង្គការ ណាតូ បានសម្រេចអញ្ជើញប្រទេសស៊ុយអែត និងហ្វាំងឡង់ជាផ្លូវការ ដើម្បីចូលរួមជាសមាជិកសម្ព័ន្ធភាពយោធាជាមួយខ្លួន ដែលនេះជាការផ្លាស់ប្តូរដ៏ធំបំផុតមួយនៅក្នុងសន្តិសុខអឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដោយទីក្រុង ហែលសិនគិ (Helsinki) និង ស្តុកហម (Stockholm) បានសម្រេចបោះបង់ចោលប្រពៃណីអព្យាក្រឹតភាពរបស់ខ្លួន ក្រោយមានការលុកលុយពីសំណាក់រុស្ស៊ីលើអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីសម្រេចរបស់សម្ព័ន្ធមិត្តទាំង ៣០របស់អង្គការណាតូខាងលើនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលមួយរបស់អង្គការនេះក្នុងទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ហើយពួកគេក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបានចាត់ទុកជាផ្លូវការថា រុស្ស៊ីគឺជា «ការគំរាមកំហែងដ៏សំខាន់បំផុត និងដោយផ្ទាល់» ចំពោះសន្តិសុខរបស់សម្ព័ន្ធមិត្តពួកគេផងដែរ។

សេចក្តីថ្លែងការណ៍ខាងលើបានលើកឡើងយ៉ាងដូច្នេះថា «ថ្ងៃនេះ យើងបានសម្រេចចិត្តអញ្ជើញប្រទេសហ្វាំងឡង់ និងស៊ុយអែតឱ្យចូលជាសមាជិកនៃអង្គការណាតូ បន្ទាប់ពីប្រទេសតួកគីបានយល់ព្រមដកសិទ្ធិវេតូដែលជំនាស់មិនឲ្យប្រទេសទាំងពីរចូលជាសមាជិកចេញវិញ»

សូមជម្រាបថា ដំណើរការនៃការផ្តល់សច្ចាប័នក្នុងសភានៃប្រទេសជាសមាជិករបស់អង្គការនេះ ទំនងជាត្រូវចំណាយពេលរហូតដល់ទៅមួយឆ្នាំ ប៉ុន្តែនៅពេលដែលដំណើរការនេះរួចរាល់ ប្រទេសហ្វាំងឡង់ និងស៊ុយអែតនឹងត្រូវបានគ្របដណ្តប់ដោយខែលការពាររួមរបស់អង្គការណាតូក្រោមមាត្រាទី៥ ដែលដាក់បណ្តាប្រទេសជាសមាជិកអង្គការនេះនៅក្រោមឆ័ត្រការពារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

ប្រមុខអង្គការណាតូ លោក ស្តូលថេនប៊ឺក (Stoltenberg) បាននិយាយថា «យើងនឹងធ្វើឱ្យប្រាកដថា យើងអាចការពារសម្ព័ន្ធមិត្តទាំងអស់ រួមទាំងហ្វាំងឡង់ និងស៊ុយអែតផងដែរ»

គួររំលឹកថា ពីដំបូង សំណើសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសហ្វាំងឡង់ និង ស៊ុយអែត បានទទួលការជំទាស់ដោយសិទ្ធិវេតូរបស់ប្រទេសតួកគី ដោយប្រធានាធិបតីតួកគីលោក រីសេប តាយីប អឺដូហ្គេន (Recep Tayyip Erdogan) បានចោទប្រទេសទាំងពីរថាជាជម្រកសម្រាប់ពួកភេរវករ និងបាននិយាយថាស៊ុយអែតបរាជ័យក្នុងការបង្ក្រាបសមាជិកនៃគណបក្ស ពលករឃឺដ (PKK) ដែលជាកងជីវពលប្រដាប់អាវុធដែលបានប្រយុទ្ធជាមួយតួកគីតាំងតែពីទសវត្សរ៍ឆ្នាំ ១៩៨០មក។ បន្ទាប់មក ក្រោយពីឆ្លងកាត់ការពិភាក្សារវាងប្រទេសទាំង៣ ពួកគេយល់ព្រមការពារសន្តិសុខគ្នាទៅវិញទៅមក ហើយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ តួកគីសម្រេចដកការជំទាស់របស់ខ្លួន ដែលបើកផ្លូវឱ្យហ្វាំងឡង់ និងស៊ុយអែត ឆ្ពោះទៅទទួលសមាជិកភាពនៃបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ៕

ប្រភព៖ Reuters, Fresh News