ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសំខាន់ៗរបស់អាជ្ញាធរខេត្ត ដើម្បីបន្តពង្រឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ខេត្តកំពង់ឆ្នាំង៖ រសៀលថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានជួបប្រជុំជាមួយអាជ្ញាធរក្រុងស្រុក និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តដើម្បីផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗរបស់អាជ្ញាធរខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានធ្វើការក្រើនរំលឹក ដល់អាជ្ញាធរក្រុងស្រុក និង មន្ទីរអង្គភាពនានា ត្រូវបន្តផ្សព្វផ្សាយសារសម្លេងសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានទូលំទូលាយនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងបន្ដក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្ដ និងបង្កើននូវវិធានាការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រោះថាបច្ចុប្បន្ននេះជំងឺកូវីដ-១៩ នៅតែកើតឡើងបានប្រសិនបើយើងទាំងអស់គ្នា មិនវិធានការទប់ស្កាត់ពុំបានត្រឹមត្រូវនោះ ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវឲ្យអាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្ដជម្រុញផ្សព្វផ្សាយ និងលើកកម្ពស់ការចាក់វ៉ាក់សាំងដូវីដ-១៩ ដូសជម្រុញ មានដូសទី៣ ដូសទី៤ និងដូសទី៥ ជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងបានឆាប់រហ័ស និងអនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ ប្រព័ន្ធសុខាភិបាល និងសកម្មភាពសង្គម សេដ្ឋកិច្ចដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ននេះ ៕