ព័ត៌មានក្នុងប្រទេសរដ្ឋលេខាធិការ

ឯកឧត្ដម សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងមហាផ្ទៃ និងអង្គការបេសកកម្មយុត្តិធម៌(IJM) នៅទីស្ដីការក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ឯកឧត្ដម សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងមហាផ្ទៃ និងអង្គការបេសកកម្មយុត្តិធម៌ (IJM) ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នាទីស្ដីការក្រសួងមហាផ្ទៃ ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម សន្តិបណ្ឌិត តេង សាវង្ស បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ រវាងក្រសួងមហាផ្ទៃ ជាពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ឌិត្យសភានគរបាលកម្ពុជា ជាមួយអង្គការ IJM ដែលសម្រេចបានលទ្ធផលគួរ​ឱ្យ កត់់សម្គាល់លើកិច្ចការសំខាន់ៗ ជាអាទិ៍ ការកំណត់អត្តសញ្ញាណ ការជួយសង្គ្រោះ ការផ្ដល់ ការគាំពារជនរងគ្រោះ និងការកសាងសមត្ថភាពនគរបាលជំនាញ ព្រមទាំងចូលរួមអបអរចំពោះសមិទ្ធផលនានាជាច្រើនទៀត ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងអង្គការ IJM ជាមួយបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅព្រះរាជាណាចក្រ​កម្ពុជា ។

ឯកឧត្ដម សន្តិបណ្ឌិត តេង សាវង្ស បានមានប្រសាសន៍លើកឡើងបន្តទៀតថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ និន្នាការ នៃការនាំជនបរទេសឆ្លងដែនខុសច្បាប់ តាមផ្លូវគោក និងផ្លូវទឹក ចូលមកប្រទេសកម្ពុជា ក៏មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ ដែលពួកគេទាំងនោះគឺជនរងគ្រោះ ត្រូវបានឧក្រិដ្ឋជនបោកបញ្ឆោតនាំមកកម្ពុជា ក្រោមការសន្យាផ្ដល់ការងារមានប្រាក់កម្រៃខ្ពស់ តាមរយៈការឃោសនាផ្សព្វផ្សាយភូតកុហកតាមបណ្ដាញ Online និងប្រព័ន្ធទំនាក់ទំនងសង្គម ដែលបញ្ហានេះក៏ចាំបាច់ទាមទារឱ្យមានវិធានការឆ្លើយតបសមស្រប សំដៅរួមគ្នា បង្ការ ទប់ស្កាត់ និងលុបបំបាត់សកម្មភាពបទល្មើសទាំងនេះ ប្រកបដោយប្រសិទ្ធភាព ។ ថ្លែងក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត ក៏បានបញ្ជាក់អំពីការបន្ត គាំទ្រ និងការប្ដេជ្ញាចិត្តចូលរួមបេសកកម្មដ៏មានសារៈសំខាន់នេះ ដើម្បីរួមចំណែកលុបបំបាត់ រាល់ទម្រង់នៃការជួញដុរមនុស្ស ទាំងក្នុងក្របខណ្ឌកម្ពុជា ក្នុងតំបន់ និងលើសកលលោកព្រមទាំងស្នើដល់អង្គការពិនិត្យលទ្ធភាពបន្តជួយគាំទ្របន្ថែមទៀត ដល់ការលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដើម្បីឆ្លើយតបទៅបានសមស្របនឹងការវិវត្ដនៃបទល្មើសជួញដូរមនុស្សដែលឧក្រិដ្ឋជនក៏កំពុងតែកេងប្រយោជន៍ពីបច្ចេកវិទ្យាព័ត៌មាន មកប្រព្រឹត្តបទល្មើសជួញដូរមនុស្សឆ្លងដែន ។