ព័ត៌មានអន្តរជាតិ

ចិនប្រកាសលុបចោលជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសខ្លួននិងរដ្ឋមន្រ្តីការបរទេសជប៉ុនដោយសារសេចក្តីថ្លែងការណ៍របស់ G7 ជុំវិញបញ្ហាតៃវ៉ាន់

(ប៉េកាំង)៖ យោងតាមការបញ្ជាក់របស់ក្រសួងការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ទី០៤ សីហាកន្លងទៅនេះបានឱ្យដឹងថា ជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងរដ្ឋមន្រ្តីការបរទេសជប៉ុន លោក លោក ហាយ៉ាហ្សិ យ៉ូហ្ស៊ីម៉ាសា (Hayashi Yoshimasa) ដែលត្រូវបានគ្រោងរៀបចំឡើងនៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជានោះ គឺត្រូវបានលុបចោលវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួរ ឈុនយីង (Hua Chunying) បានលើកឡើងថា ភាគីចិនមានការមិនពេញចិត្តជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍រួមដែលក្រុមប្រទេស G7 បានប្រកាសស្តីអំពីស្ថានការណ៍នៅកោះតៃវ៉ាន់។

សេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងដោយក្រុមរដ្ឋមន្រ្តីការបរទេសក្រុមប្រទេស G7 កាលពីថ្ងៃពុធសប្តាហ៍នេះ ដែលរួមមានទាំងរដ្ឋមន្រ្តីការបរទេសជប៉ុនផងដែរនោះ បានអំពាវនាវឱ្យចិនធ្វើការដោះស្រាយភាពតានតឹងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ដោយសន្តិវិធី ដែលនេះបាននាំឲ្យទីក្រុងប៉េកាំងមានការមិនពេញចិត្ត និងឈានដល់ការសម្រេចលុបចោលជំនួបដែលគ្រោងរៀបចំឡើងនៅទីក្រុងភ្នំពេញខាងលើ៕

ប្រភព៖ Reuters, FN