ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងប្រកាសអាសន្នកម្រិតខ្ពស់បំផុតពីការរងឥទ្ធិពលបោកបក់នៃព្យុះទីហ្វុងក្នុងសប្តាហ៍នេះ

(សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT កាលពីថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២ដើមសប្តាហ៍នេះបានឲ្យដឹងថា ព្យុះទីហ្វុងឈ្មោះ ហីណាមណ (Hinnamnor) នឹងបោកបក់លើប្រទេសកូរ៉េខាងត្បូង ខណៈដែលការប្រកាសអាសន្នកម្រិតខ្ពស់បំផុតត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ដែលបានបង្ខំឱ្យអាជីវកម្ម និងសាលារៀនមួយចំនួនត្រូវបិទទ្វា ហើយជើងហោះហើរមួយចំនួនក៏ត្រូវលុបចោលផងដែរ។

សូមជម្រាបថា ល្បឿនខ្យល់រហូតដល់ ៣៣ គីឡូម៉ែតក្នុងមួយម៉ោងត្រូវបានកត់ត្រានៅភាគខាងត្បូងនៃប្រទេសអាស៊ីមួយនេះ ខណៈដែលព្យុះទីហ្វុងឈ្មោះ ហីណាមណ (Hinnamnor) ត្រូវបានគេរំពឹងថា នឹងទៅដល់កំពង់ផែនៃខេត្ត ប៊ូសាន (Busan) នៅព្រឹកថ្ងៃអង្គារនេះ។

គួរឲ្យដឹងថា ការព្រមានខាងលើត្រូវបានធ្វើឡើងសម្រាប់ខេត្ត ខ្វាងជូ (Gwangju) ខេត្ត ប៊ូសាន (Busan) ខេត្ត ដេហ្គូ (Daegu) និងខេត្ត អាល់សាន (Ulsan)

ទាក់ទិននឹងការព្រមានខាងលើនេះ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air Lines បានសម្រេចលុបចោលជើងហោះហើរភាគច្រើនទៅកាន់កោះ ជេជូ (Jeju) ដែលជាទីតាំងដែលព្យុះទីហ្វុងវាយប្រហារកាលពីចុងសប្តាហ៍កន្លងទៅ ខណៈដែលក្រុមហ៊ុន Hyundai Heavy Industries ក្រុមហ៊ុន Daewoo Shipbuilding និងក្រុមហ៊ុន Samsung Heavy Industries ទាំងអស់បានប្រកាសផ្អាកប្រតិបត្តិការចាប់ពីថ្ងៃអង្គារនេះតទៅ៕

ប្រភព៖ RT, FN