ព័ត៌មានអន្តរជាតិ

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំសហរដ្ឋអាមេរិកបញ្ជាក់ជំហររបស់ព្រះរាជាណាចក្រនេះចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

(ឡុងដ៍)៖ កាលពី​ថ្ងៃ​ពុធសប្តាហ៍នេះ ឯកអគ្គរាជរដ្ឋទូត​អារ៉ាប៊ីសាអូឌីត​ប្រចាំ​សហរដ្ឋអាមេរិក​បាន​បញ្ចេញឯកសារ​នៃការពិត​មួយដើម្បី​បញ្ជាក់​ឡើងវិញ​ពី​ជំហរ​របស់​ព្រះរាជាណាចក្រ​នេះចំពោះ​សង្គ្រាម​នៅរុស្ស៊ី-​អ៊ុយក្រែន​ និង​ការ​ថ្កោលទោស​ចំពោះ​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុង​ការ​បញ្ចូល​ទឹកដីអ៊ុយក្រែនទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២។

ឯកសារបញ្ជាក់ការពិតរបស់ព្រះនាង រីម៉ា បីនត៍ បេនដា (Reema bint Bandar) ត្រូវបានចេញផ្សាយ បន្ទាប់ពីការសន្ទនាតាមទូរសព្ទរវាងព្រះអង្គម្ចាស់រាជទាយាទ មហាម៉ាត បីន សាលមេន (Mohammed bin Salman) និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេនលេនស្គី (Volodymyr Zelensky) ដោយក្នុងនោះមេដឹកនាំទាំងពីរបានពិភាក្សាអំពីការប្រឆាំងរបស់អារ៉ាប៊ីសាអូឌីត ចំពោះការបោះឆ្នោតប្រជាមតិដាក់តំបន់ទាំង០៤របស់អ៊ុយក្រែនដែលត្រូវបានគ្រប់គ្រងដោយទីក្រុងមូស្គូ ជាផ្នែករបស់ប្រទេសរុស្ស៊ី។

ឯកសារនោះបានលើកឡើងថា​ «នៅក្នុងការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតី ហ្សេនលេនស្គី (Zelensky) កាលពីថ្ងៃទី១៤ ខែតុលា ព្រះអង្គម្ចាស់រាជទាយាទបានសង្កត់ធ្ងន់ថា ការបោះឆ្នោតរបស់អារ៉ាប៊ីសាអូឌីតលើដំណោះស្រាយថ្កោលទោសចំពោះការដាក់បញ្ចូលទឹកដីអ៊ុយក្រែនពីសំណាក់រុស្ស៊ីជាផ្នែកមួយនៃប្រទេសនេះ គឺបានកើតចេញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»

ឯកសារនេះបានបន្ថែមទៀតថា អារ៉ាប៊ីសាអូឌីតបានប្តេជ្ញាចិត្ត «គោរពអធិបតេយ្យភាពរដ្ឋ និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ និងការដោះស្រាយជម្លោះដោយសន្តិវិធី»

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែតុលាកន្លងទៅ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយដោយសំឡេងភាគច្រើន ដោយអំពាវនាវឱ្យប្រទេសនានាមិនឲ្យទទួលស្គាល់តំបន់ចំនួន ០៤ របស់អ៊ុយក្រែន ដែលរុស្ស៊ីបានប្រកាសដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន បន្ទាប់ពីធ្វើការបោះឆ្នោតប្រជាមតិកាលពីចុងខែកញ្ញា។ ដំណោះស្រាយ​ដែលត្រូវបានលើកឡើងនោះគឺ ទាមទារ​ឱ្យ​ទីក្រុង​មូ​ស្គូ​ត្រឡប់ក្រោយវិញ​សម្រាប់​ «​ការ​ប៉ុនប៉ង​ដាក់​បញ្ចូល​ដោយ​ខុសច្បាប់​» បែប​នេះ៕

ប្រភព៖ AFP, FN