រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល នារសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ចយ សុបិន សមាជិកក្រុមប្រឹក្សា ខេត្តកណ្តាល បានគូសបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងរយៈពេលកន្លងមក ដើម្បីឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល។

ឯកឧត្តម បន្តថា៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្តឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឃន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។ លើសពីនេះទៀតនោះ តាមរយៈការសម្របសម្រួលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងជាសំណើ សំណូមពរ កង្វល់ និងទំនាស់ ។

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង ខេត្តកណ្តាល បានមានប្រសាសន៍ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណងដើម្បី ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ។ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាស ផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានលើកឡើង ។

សូមបញ្ជាក់ថា៖អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ទទួលបានសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន២២សំណូមពរ ដោយឡើងសំណូមពរផ្ទាល់មាត់ចំនួន៣ និងសំណូមពរសរសេរជាក្រដាសចំនួន១៩ ក្នុងនោះរួមមាន៖ បញ្ហាទឹក ភ្លើង  ផ្លូវ សាងសង់បង្គន់អនាម័យនៅសាលារៀន ស្នើសុំពូជស្រូវចំនួន៤០០គីឡូក្រាម ៕