ព័ត៌មានអន្តរជាតិ

តៃវ៉ាន់រំពឹងថានឹងរងការដាក់សម្ពាធកាន់តែខ្លាំងពីទីក្រុងប៉េកាំង បន្ទាប់ពីលោក ស៊ី ជិនពីង ជាប់ជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិនសម្រាប់អាណត្តិទី៣

(តៃប៉ិ)៖ កាលពីថ្ងៃពុធ​ ទី២៦ តុលាកន្លងទៅ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់បានលើកឡើងថា ទីក្រុងប៉េកាំងនឹងបង្កើនសម្ពាធរបស់ខ្លួនតាមរយៈផ្នែកការទូតមកលើ​តៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជាប់ជាអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តចិនសម្រាប់អាណត្តិទី៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ស៊ី ត្រូវបានគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តចិន បោះឆ្នោតជ្រើសរើសឱ្យបន្តធ្វើជាអគ្គលេខាធិការបក្សដដែលសម្រាប់អាណត្តិទី៣ ហើយនេះនាំឱ្យលោកក្លាយជាមេដឹកនាំដែលមានឥទ្ធិពលបំផុតរបស់ប្រទេសចិនគិតចាប់តាំងពី​​លោក ម៉ៅ សេទុង មក។

សូមជម្រាបថា តាំងតែពីដើមមក ទីក្រុងប៉េកាំងបានប្រកាន់ជំហរយ៉ាងរឹងមាំជាប់ជានិច្ចថា តៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន ហើយបានប្តេជ្ញានឹងបង្រួបបង្រួមគ្នាឡើងវិញ បើទោះជាត្រូវ​ប្រើកម្លាំងយោធាក៏ដោយ ប្រសិនបើចាំបាច់។ ជាច្រើនឆ្នាំកន្លងមកនេះ ចិនបានចំណាយពេលបញ្ចុះបញ្ចូលសម្ព័ន្ធមិត្ត​ការទូតរបស់តៃវ៉ាន់ ឱ្យផ្តាច់ចំណងទាក់ទងជាមួយទីក្រុងតៃប៉ិ ហើយងាកមកភ្ជាប់ទំនាក់ទំនងជាមួយខ្លួនវិញ។

លើកឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ ប្រមុខការទូតតៃវ៉ាន់ លោក ចូសេព វ៉ូ (Joseph Wu) បាននិយាយថា «វាអាចទៅរួចដែលស្ថានការណ៍ការទូតរបស់យើង នឹងកាន់តែយ៉ាប់យ៉ឺនឡើង។ យើងទទួលបានព័ត៌មានដែលគួរឱ្យបារម្ភមួយចំនួន ប៉ុន្តែយើងសង្ឃឹមថាទំនាក់ទំនងការទូតរបស់យើង នឹងទទួលរងឥទ្ធិពលដោយសារចិនឡើយ។ ទោះយ៉ាងណាស្ថានទូតនិងបេសកកម្មការទូតរបស់យើងទាំងអស់កំពុងត្រៀមខ្លួនជាប់ជានិច្ច។ យើងនឹងផ្ទៀងផ្ទាត់ព័ត៌មានបន្ថែម ហើយចាត់វិធានការដើម្បីពង្រឹងទំនាក់ទំនងការទូត ឱ្យកាន់តែរឹងមាំ»

គួរឲ្យដឹងថា បច្ចុប្បន្ននេះ មានប្រទេសចំនួន ១៤ ប៉ុណ្ណោះដែលនៅភ្ជាប់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ប៉ុន្តែភាគច្រើននៃប្រទេសទាំងនោះសុទ្ធតែជាប្រទេសដីកោះតូចៗប៉ុណ្ណោះ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិននិងតៃវ៉ាន់បានធ្លាក់ក្នុងភាពតានតឹងកាន់តែខ្លាំងឡើងកាលពីខែសីហាកន្លងទៅ បន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធា​ទ្រង់ទ្រាយធំមិនធ្លាប់ ដើម្បីឆ្លើយតបចំពោះការបំពេញទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី នេនស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់កោះនេះ។

ទីក្រុងប៉េកាំងតែងតែចេញមុខរិះគន់ចំពោះសកម្មភាពការទូតទាំងឡាយណា ដែលអាចផ្តល់ការទទួលស្គាល់ជាអន្តរជាតិដល់តៃវ៉ាន់ ហើយតែងតែឆ្លើយតបដោយខឹងសម្បារជានិច្ច ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមអ្នកនយោបាយលោកខាងលិចទៅកាន់ទីក្រុងតៃប៉ិ៕

ប្រភព៖ AFP, FN