ព័ត៌មានអន្តរជាតិ

ហ្វីលីពីន បង្ហាញទីតាំងមូលដ្ឋានទ័ពថ្មីចំនួន ០៤ ដែលអនុញ្ញាតឲ្យយោធាអាមេរិកចូលប្រើប្រាស់

(ម៉ានីល)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋាភិបាលហ្វីលីពីន បានប្រកាសនូវឈ្មោះមូលដ្ឋានយោធាចំនួន ០៤ ទីតាំងដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលប្រើប្រាស់បន្ថែមទៀតនៅក្រោមកិច្ចកិច្ចព្រមព្រៀងការពារជាតិដែលមានស្រាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣។

ទីតាំងមូលដ្ឋានយោធាទាំងនោះរួមមាន មូលដ្ឋានទ័ពជើងទឹក កាមីឡូ អូសាស់ (Camilo Osias) នៃអាកាសយានដ្ឋាន ស្តា អាណា និងអាកាសយានដ្ឋាន ឡាល់ ឡូ ដែលស្ថិតនៅក្នុងខេត្ត កាហ្កាយ៉ាន (Cagayan), ជុំរុំយោធា ម៉េឆូ ដេឡា គ្រូស (Camp Melchor Dela Cruz) ដែលស្ថិតក្នុងតំបន់ ហ្កាមូ (Gamu) នៃខេត្ត អ៊ីសាបែលឡា (Isabela),  មូលដ្ឋានយោធាស្ថិតក្នុងខេត្ត ហ្សាមបាលេស (Zambales) និងកោះ បាឡាបាក់ (Balabac) ចេញពីកោះ ប៉ាឡាវ៉ាន (Palawan)។ ទីតាំងទាំងនេះ សុទ្ធតែជាទីតាំងដ៏មានសារៈសំខាន់ដោយសារតែខេត្ត អ៊ីសាបែលឡា (Isabela) និងខេត្ត កាហ្កាយ៉ាន (Cagayan) បែរមុខទៅទិសខាងជើងឆ្ពោះទៅកោះតៃវ៉ាន់ ខណៈកោះប៉ាឡាវ៉ាន ស្ថិតនៅជិតប្រជុំកោះស្រ្ពេតលី (Spratly) ដែលកំពុងមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។

ប្រមុខការពារជាតិហ្វលីពីន លោក ខាលីតូ ហ្គាលវ៉េស (Carlito Galvez) បានហៅទីតាំងទាំងនេះថា «ជាយុទ្ធសាស្ត្រ» ហើយសង្កត់ធ្ងន់ថា ហ្វីលីពីនមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិនៅសមុទ្រចិនខាងត្បូង។

លោក ហ្គាលវ៉េស (Galvez) បានគូសបញ្ជាក់ថា «នោះជាផ្លូវពាណិជ្ជកម្ម ដែលពាណិជ្ជកម្មច្រើន ឬតិចជាង ៣ពាន់ពាន់លានដុល្លារឆ្លងកាត់ជាប្រចាំឆ្នាំ។ វាជាទំនួលខុសត្រូវរបស់យើងក្នុងការធានាជាសមូហភាពយ៉ាងទូលំទូលាយ»

គួរបញ្ជាក់ថា ការពង្រីកកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ (EDCA) ឆ្នាំ២០១៤ បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ហ្វីលីពីន ចំពោះសហរដ្ឋអាមេរិក និងកើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង និងបញ្ហាតៃវ៉ាន់៕