ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពថៃ

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃចន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានដឹកនាំមេបញ្ជាការរង នាយរងសេនាធិការ មេបញ្ជាការវរសេនាតូច មេបញ្ជាការផ្នែកសឹករងស្រុកថ្មពួក មេបញ្ជាការកងអនុសេនាធំ ជួបប្រជុំពិភាក្សាការងារជាមួយ ភាគីថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆ្លឺមគៀន សិរីសមប៊ូន មេបញ្ជាការអង្គភាពចំពោះកិច្ចកងវរសេនាធំលេខ១២ លោកវរសេនីយ៍ឯក ពិយៈនេត ផាត់តារៈសាតវ៉ាត់តាវង មេបញ្ជាការ វរសេនាធំឈុតខ្មៅថៃលេខ១២ នៅប៉ុស្តិ៍លេខ ០៣ ថៃ ទល់មុខ ប៉ុស្តិ៍ប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ក្នុងជំនួបពិភាក្សាការងារទ្វេភាគី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងទាំងពីរកម្ពុជា-ថៃ ជាពិសេសការយកចិត្តទុកដាក់សហការ និងជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

សម្រាប់ទិសដៅទៅមុខ ភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសជាតិទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។