ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ប្រធានផ្នែក AI មួយរូបនៅក្រុមហ៊ុន Google ប្រកាសលាឈប់ និងព្រមានអំពីគ្រោះថ្នាក់កំពុងតែមកដល់​នៃបច្ចេកវិទ្យានេះ

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន New York Times កាលពីពេលថ្មីៗនេះ លោក Geoffrey Hinton ដែលមានវ័យ ៧៥ ឆ្នាំ និងជាប្រធានផ្នែក AI នៃក្រុមហ៊ុន Google បានប្រកាសលាលែងពីតំណែង ដោយបាននិយាយថា លោកបានលាឈប់ពីការងារក្នុងក្រុមហ៊ុន Google ដោយសារមានការព្រមានអំពីគ្រោះថ្នាក់ដែលកំពុងកើនឡើងដោយសារការអភិវឌ្ឍន៍នៅក្នុងវិស័យ AI នេះ។ ជាមួយគ្នានេះ លោកបានបន្តប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មានរបស់ BBC អំពីគ្រោះថ្នាក់មួយចំនួននៃ AI chatbots ថា វាគឺពិតជាគួរឱ្យខ្លាចណាស់។

លោក Geoffrey Hinton ឲ្យដឹងទៀតថា ឥឡូវនេះ AI គឺមិនទាន់ឆ្លាតជាងមនុស្សនៅឡើយទេ ប៉ុន្តែលោកគិតថា វានឹងឆ្លាតជាងមនុស្សនាពេលអនាគត។ លោក Geoffrey បានបន្ថែមថា អាយុរបស់លោកកាន់តែចាស់ហើយ ដូច្នេះលោកសម្រេចចិត្តថានឹងចាកចេញពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ដោយបញ្ជាក់ថាដល់ពេលដែលលោកត្រូវចូលនិវត្តន៍ហើយ។

លើសពីនេះទៅទៀត លោកបានធ្វើការស្រាវជ្រាវត្រួសត្រាយ ព្រមទាំងសិក្សាយ៉ាងស៊ីជម្រៅអំពីបណ្តាញសរសៃប្រសាទសម្រាប់ប្រព័ន្ធ AI ដែលបច្ចុប្បន្នមានដូចជា ChatGPT នេះជាដើម។ ជាលទ្ធផល លោកបានបង្ហាញថា បើនៅតែមានការរីកចម្រើនកាន់តែចាប់រហ័សយ៉ាងនេះ បញ្ញាសប្បនិមិត្ត ឫ AI នឹងបង្កផលវិបាកដល់មនុស្សយ៉ាងធ្ងន់ធ្ងរជាក់ជាពុំខានឡើយ ជាពិសេសអ្នកដែលប្រើប្រាស់វាក្នុងផ្លូវអាក្រក់ហ្នឹងតែម្តង។ លោក Geoffrey បានសន្និដ្ឋានថា ប្រភេទនៃភាពវៃឆ្លាតដែល AI ត្រូវបានមនុស្សកំពុងអភិវឌ្ឍ គឺខុសពីភាពវៃឆ្លាតដែលមនុស្សកំពុងមាន។

ដោយឡែក អ្នកចិត្តសាស្រ្តនៃការយល់ដឹងជនជាតិអង់គ្លេស-កាណាដា និងអ្នកវិទ្យាសាស្ត្រកុំព្យូទ័របានប្រាប់ទៅសារព័ត៌មាន BBC ថា chatbot នឹងអាចយកឈ្នះលើកម្រិតនៃព័ត៌មានដែលមាននៅក្នុងខួរក្បាលមនុស្សថែមទៀតផង។ ពួកគេបានបន្តថា មនុស្សជាតិយើងជាប្រព័ន្ធជីវសាស្រ្ត ហើយ AI ទាំងនោះគឺជាប្រព័ន្ធឌីជីថល ហើយភាពខុសគ្នាដ៏ធំនោះគឺ ដោយសារ AI ជាប្រព័ន្ធឌីជីថល ដូច្នេះ AI នឹងមានសមត្ថភាពអាចចងចាំអ្វីៗទាំងអស់ដែលមនុស្សបានប្រើប្រាស់វាកន្លងទៅ ហើយនេះជាសញ្ញាដ៏គ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះមនុស្សជាតិផងដែរ។ ជាឧទាហរណ៍ ក្នុងចំណោមមនុស្ស ១០០០០នាក់ នៅពេលណាដែលនរណាម្នាក់បានរៀនពីអ្វីមួយ នោះអ្នកផ្សេងទៀតក្នុងចំណោម ១០០០០នាក់នោះនឹងដឹងពីព័ត៌មាននោះដោយស្វ័យប្រវត្តិ។ នេះហើយជាហេតុផលដែល chatbot ក្នុងពេលបច្ចុប្បន្នអាចដឹងច្រើនជាងមនុស្សទៅទៀត។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប្រធានអ្នកវិទ្យាសាស្ត្រក្នុងក្រុមហ៊ុន Google លោក Jeff Dean បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះនៅតែប្តេជ្ញាចិត្តចំពោះវិធីសាស្រ្តដែលប្រកបដោយទំនួលខុសត្រូវចំពោះ AI នាថ្ងៃអនាគត ហើយថា Google កំពុងបន្តសិក្សាស្វែងយល់អំពីហានិភ័យដែលកំពុងកើតមានបន្ថែមទៀតផងដែរ៕