ព័ត៌មានអន្តរជាតិ

ណាតូ ចាប់ផ្តើមសមយុទ្ធយោធាផ្លូវអាកាសក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន

(បែរឡាំង)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) ឫ ណាតូ (NATO) នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានចាប់ផ្តើមការធ្វើសមយុទ្ធកងទ័ពអាកាសក្នុងទ្រង់ទ្រាយធំបំផុតនៅអឺរ៉ុប ដែលមិនធ្លាប់​មានពីមុនមក ដើម្បីជាសញ្ញាមួយបង្ហាញពីការរួមសាមគ្គីភាព និងអានុភាពរបស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

សមយុទ្ធយោធា Air Defender 23 ដែលដឹកនាំដោយអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៣ ខែមិថុនា ហើយមានការចូលរួមពី​យន្តហោះយោធាចម្រុះប្រភេទសរុបប្រហែល ២៥០គ្រឿង មកពីប្រទេសជាសមាជិកនិងប្រទេសជាដៃគូរបស់ ណាតូ (NATO) រួមមានទាំងជប៉ុននិងស៊ុយអែតផងដែរ សរុបចំនួន ២៥ប្រទេស។

សមយុទ្ធនេះ មានការចូលរួមពីមនុស្សសរុប ១០,០០០នាក់ ដែលមានគោលដៅពង្រឹងសមត្ថភាព​ធ្វើប្រតិបត្តិការរួមគ្នា ព្រមទាំងការត្រៀមលក្ខណៈ ដើម្បីការពារខ្លួនប្រឆាំងយន្តហោះដ្រូននិងមីស៊ីលគ្រូស ក្នុងករណីមានការវាយប្រហារលើទីក្រុង អាកាសយានដ្ឋាន ឬកំពង់ផែ នៅក្នុងទឹកដីរបស់ សម្ព័ន្ធមិត្ត ណាតូ (NATO)

គួរបញ្ជាក់ថា សមយុទ្ធ Air Defender ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ជាផ្នែកមួយនៃចំណាត់ការឆ្លើយតបរបស់ ណាតូ (NATO) នៅចំពោះមុខការក្រសោបយកឧបទ្វីប គ្រីមៀ របស់អ៊ុយក្រែនពីសំណាក់រុស្ស៊ី កាលពីឆ្នាំ២០១៤។

សម្រាប់ពេលនេះ សង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បាននាំឱ្យ​បក្សសម្ព័ន្ធយោធាមួយនេះកាន់តែមានក្តីព្រួយបារម្ភខ្លាំងឡើងបន្ថែមទៀតថាវាអាចនឹងរាលដាលដល់ទឹកដីរបស់ខ្លួន។

ជាមួយគ្នានេះ សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ក៏បានជំរុញឱ្យហ្វាំងឡង់និងស៊ុយអែត ដែលធ្លាប់តែប្រកាន់ជំហរអព្យាក្រឹតជាយូរមកហើយ បាននាំគ្នាផ្លាស់ប្តូរជំហ ដោយបានដាក់ពាក្យចូលជាសមាជិករបស់ ណាតូ (NATO) ដូចប្រទេសអឺរ៉ុបភាគច្រើនដែរ ដើម្បីបញ្ចៀសជម្លោះជាមួយរុស្ស៊ី។ ពេលនេះ ហ្វាំងឡង់បានក្លាយជាសមាជិក​ជាផ្លូវការរួចរាល់ហើយ កាលពីខែមេសាកន្លងទៅ ខណៈដែលសមាជិកភាពរបស់ស៊ុយអែត កំពុងបន្តស្ថិតក្រោមការរង់ចាំអនុម័តពីហុងគ្រីនិងតួកគី។

គួរជម្រាបជូនថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) ឫ ណាតូ (NATO) បានចាប់កំណើតដំបូងកាលពីឆ្នាំជិត៧៥ឆ្នាំមុន ពោលគឺប៉ុន្មានឆ្នាំប៉ុណ្ណោះក្រោយសង្រ្គាមលោកលើកទី២ និងជាពេលនៃការចាប់ផ្តើមសង្រ្គាមថ្មីមួយទៀត គឺសង្រ្គាមត្រជាក់ ដែលជាការប្រកួតប្រជែងមនោគមន៍វិជ្ជារវាងលោកសេរីដែលមានសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបខាងលិច ដើម្បីប្រឈមមុខ​ជាមួយមហាអំណាចកុម្មុយនិស្តគឺ សហភាពសូវៀតដែលសព្វថ្ងៃជាប្រទេសរុស្ស៊ី និងប្រទេសអឺរ៉ុបខាងកើត៕