ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកទទួលបានសិទ្ធិប្រើប្រាស់មូលដ្ឋានទ័ពក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេក្រោមកិច្ចព្រមព្រៀងសន្តិសុខ

កាលពីដំណាច់ខែឧសភាកន្លងទៅ សហរដ្ឋអាមេរិក និង​ប៉ាពូអាស៊ីនូវែលហ្គីណេ​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​មួយជាមួយគ្នា ដែលកាលណោះ ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានបញ្ជាក់នោះទេ។ រហូតដល់​យប់​ថ្ងៃ​ពុធ ទី១៤ មិថុនាកន្លងទៅ ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​សភា​ប៉ាពូអាស៊ីនូវែលហ្គីណេ ដោយក្នុងនោះបានបញ្ជាក់ថា សហរដ្ឋអាមេរិក​ទទួល​បាន​សិទ្ធិប្រើប្រាស់​ផ្តាច់មុខ​លើ​មូលដ្ឋាន​ទ័ព​មួយ​ចំនួន​នៅ​ប៉ាពូអាស៊ីនូវែលហ្គីណេ។

គួរ​បញ្ជាក់​ថា បណ្តា​ប្រទេសដែន​កោះ​នៅតំបន់​ប៉ាស៊ីហ្វិក​កំពុង​បន្ត​ក្លាយ​ជា​ទីតាំង​យុទ្ធសាស្រ្ត​នៃ​ការ​ដណ្តើម​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ចិន។

កិច្ចព្រមព្រៀង​សន្តិសុខ​រវាង សហរដ្ឋ​អាមេរិក និង ​ប៉ាពូអាស៊ីនូវែលហ្គីណេ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពីដំណាច់​ខែ​ឧសភា​ដោយ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក​ អង់តូនី ប៊្លីនខិន (Antony Blinken) និង​រដ្ឋមន្រ្តី​ការពារជាតិ​ប៉ាពូអាស៊ីនូវែលហ្គីណេ​លោក​ វីន បាគ្រី ដាគី (Win Bakri Daki)។ តែកាលណោះ ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​ភាគី​ទាំង​ពីរ​រក្សា​ទុក​យ៉ាង​សម្ងាត់ មុន​នឹង​ត្រូវ​បាន​សភា​ប៉ាពូអាស៊ីនូវែលហ្គីណេ​លាតត្រដាង​ទាំង​ស្រុង​នា​យប់​ថ្ងៃ​ពុធ ទី១៤ មិថុនា។ យោង​តាម​ខ្លឹមសារ​ដែលសារព័ត៌មាន AFP បាន​ទទួល អាមេរិក​មាន​សិទ្ធិ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​នៅ​ប៉ាពូអាស៊ីនូវែលហ្គីណេ​ដោយ​គ្មាន​ការ​រារាំង​ដើម្បី​ដាក់​តាំង​ឧបករណ៍ កន្លែង​ស្តុក និង​សម្ភារៈបរិក្ខារ​យោធា។

លើស​ពី​នេះ អាមេរិក​ថែម​ទាំង​មាន​សិទ្ធិ​ប្រើប្រាស់​ផ្តាច់មុខ​នូវ​តំបន់​មួយ​ចំនួន​នៃ​មូលដ្ឋានទ័ព​តាម​រយៈ​ការ​សាងសង់​ថ្មី​ដែល​អាមេរិក​ត្រូវ​ការ។ កិច្ចព្រមព្រៀង​សន្តិសុខ​នេះ​អនុញ្ញាត​ឲ្យ​អាមេរិក​បញ្ជូន​ទ័ព​ទៅ​ឈរ​ជើង និង​បញ្ជូន​នាវាចម្បាំង​ទៅ​ចត​នៅ​ទីកន្លែង​គន្លឹះ ដូច​យ៉ាង​នៅ​មូលដ្ឋាន​ទ័ពជើងទឹក ឡូមប្រ៊ាំ (Lombrum) នៅ​កោះ ​ម៉ានុស (Manus) និង​នៅ​កំពង់ផែ​មួយ​ស្ថិត​ក្នុង​ទីក្រុង។

គួរ​បញ្ជាក់​ថា អាមេរិក​កំពុង​ព្យាយាម​ទាក់ទាញ​បណ្តា​ប្រទេស​ជា​កោះ​នៅ​ប៉ាស៊ីហ្វិក​តាម​រយៈ​ការ​លើកទឹកចិត្ត​ផ្នែក​ការទូត និង​ហិរញ្ញវត្ថុ។ ក្នុង​នាម​ជា​កោះ​មួយ​ដែល​សម្បូរ​ធនធាន​ធម្មជាតិ និង​ស្ថិត​ក្បែរ​ផ្លូវសមុទ្រ​សំខាន់ៗ ប៉ាពូអាស៊ីនូវែលហ្គីណេ​បាន​ក្លាយ​ជា​ទីតាំង​យុទ្ធសាស្រ្ត​នៃ​ការ​ប្រជែង​កម្លាំង​គ្នា​រវាង​អាមេរិក និង​ចិន។

ទោះបីជាចិន​មិន​អាច ឬ​មិន​ទាន់​អាចអូស​ទាញ​​ប៉ាពូអាស៊ីនូវែលហ្គីណេ​មែន តែ​ចិន​អូសទាញ​បាន​កោះ​សាឡូម៉ុង​ដែល​ជា​កោះ​ក្បែរ​ខាង​ប៉ាពូអាស៊ីនូវែលហ្គីណេ ដោយកាលពី​ឆ្នាំ២០២២ ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​កោះ​សាឡូម៉ុង ហើយ​តាម​រយៈ​កិច្ចព្រមព្រៀង​មួយ​នេះ ចិនក៏​អាច​បញ្ជូន​ទ័ព​ទៅ​ដាក់​នៅ​ក្នុង​ទឹកដី​សាឡូម៉ុង​បានផងដែរ៕