ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន គ្រោងត្រឡប់ចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហាខាងមុខ

(បាងកក)៖ នៅថ្ងៃពុធសប្តាហ៍នេះ អ្នកនាង ផែថោងថាន ស៊ីនណាវ៉ាត់ (Paetongtarn Shinawatra) កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់  បានលើកឡើងដោយអះអាងថា ឪពុករបស់អ្នកនាង មានគម្រោងវិលត្រឡប់ចូលប្រទេសថៃវិញនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។

អ្នកនាង ផែថោងថាន បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំហាក់សឹងតែមិនជឿនូវអ្វីដែលខ្ញុំកំពុងសរសេរឡើយ គឺលោកប៉ាគ្រោងត្រឡប់មកដល់ ព្រលានយន្តហោះ ដូនមឿង (Don Muang) នៅថ្ងៃទី១០ ខែសីហា» ដោយអ្នកនាងចង់សំដៅទៅលើ អាកាសយានដ្ឋាននៅរាជធានីបាងកក។

គួររំលឹកថា លោក ថាក់ស៊ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០១ រហូតដល់ពេលលោកត្រូវបានគេទម្លាក់ពីអំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦។ សព្វថ្ងៃ លោក ថាក់ស៊ីន កំពុងរស់នៅដោយនិរទេស ក្រោយភៀសខ្លួនចេញពីចេញពីប្រទេសថៃ ដើម្បីគេចផុតពីការជាប់ពន្ធនាគារពាក់ព័ន្ធសំណុំរឿងពុករលួយកាលពីឆ្នាំ២០០៨។

គួរបញ្ជាក់ថា ផែនការវិលត្រឡប់ចូលស្រុកវិញខាងលើ គឺកើតឡើងចំពេលដែលគណបក្ស ភឿថៃ (Pheu Thai) កំពុងព្យាយាមដឹកនាំកិច្ចប្រឹងប្រែង​បង្កើតរដ្ឋាភិបាលថ្មី ក្រោយឈ្នះបានអាសនៈច្រើនជាងគេលំដាប់ទី២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា។ ភឿថៃ គឺជារូបរាងទី៣ នៃគណបក្សនយោបាយថៃមួយដែលត្រូវបានបង្កើតឡើងដំបូងលោក ថាក់ស៊ីន ផ្ទាល់។ ចំណែក អ្នកនាង ផែថោងថាន ក៏ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីសរុប ០៣រូបរបស់គណបក្ស៕

ប្រភព៖ AFP, Fresh News, Bangkok Post