រដ្ឋបាលរាជធានី-ខេត្ត

បុណ្យផ្កាប្រាក់មហាសាមគ្គី កសាងអគារសិក្សាសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អំពាវនាវដល់សប្បុរសជន ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយទាំងអស់ សូមចូលរួមទ្រទ្រង់ទាំងអស់គ្នានូវសាកលវិទ្យាល័យដំបូងគេបង្អស់សម្រាប់ខេត្តកណ្ដាល ដើម្បីអាហារូបករណ៍សម្រាប់សិស្សានុសិស្សមកពីគ្រប់ទិសទីទាំងអស់ដែលជាកូនចៅប្រជាពលរដ្ឋក្រីក្រ បានមកសិក្សានៅទីនេះ ដែលមិនមានលទ្ធភាពទៅរៀននៅសាកលវិទ្យាល័យផ្សេងៗទៀត។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងអគារសិក្សាសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នៅវត្តព្រះឥន្ទសាមគ្គីធម៌ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ បន្តថា៖ ថវិកាដែលបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទទាំងអស់បានចូលរួមទ្រទ្រង់សម្រាប់សាកលវិទ្យាល័យនេះ បានជួយដល់សិស្សសានុសិស្សដែលមានជីវភាពខ្វះខាតអាចមកសិក្សានៅទីនេះបាន ទន្ទឹមនឹងនេះការជួយទ្រទ្រង់សាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ្យ បួរ គ្រី ធ្វើឱ្យសាកលវិទ្យាល័យមានសាស្ត្រាចារ្យល្អៗដែលជាធនធានមនុស្សគ្រប់គ្រាន់ ក្នុងការបង្រៀនដល់សិក្សានុសិស្សទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ក្រោមការគ្រប់គ្រងពីសំណាក់សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យនេះកំពុងឈានទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្ដាប្រទេសនានានៅក្នុងពិភពលោក។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាពេលនេះ គឺបានសបញ្ចាក់អោយឃើញថា ការផ្សារភ្ជាប់យ៉ាងរឹងមាំរវាងវិស័យអាណាចក្រ និងពុទ្ធចក្រ ព្រោះថាសាកលវិទ្យាល័យនេះផ្តួចផ្តើមបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានសម្ដេច ព្រះមង្គលទេពាចារ្យ វង្សអានតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាលជាព្រះសាកលវិទ្យាធិការ ប៉ុន្តែកម្មវិធីសិក្សា គឺអនុវត្តដូចនឹងគ្រឹះស្ថានឧត្តមសិក្សាទូទៅ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង អប់រំ យុវជននិងកីឡា។ សូមបញ្ជាក់ផងដែរថា  សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖

_មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា

_មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

_មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម

_មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម

_មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និង ទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ