ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី សម្រេចដាក់បម្រាមលើផលិតផលកសិកម្មរបស់អ៊ុយក្រែន ខណៈទីក្រុង កៀវ ប្រកាសដាក់ពាក្យប្តឹង

(កៀវ)៖ តាមការលើកឡើងរបស់ តំណាងពាណិជ្ជកម្មអ៊ុយក្រែន លោក តារ៉ាស កាចឆ្កា (Taras Kachka) នៅក្នុងកិច្ចសម្ភាសមួយដែលចេញផ្សាយដោយសារព័ត៌មាន Politico នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះដែលជា បានឲ្យដឹងថា អ៊ុយក្រែនគ្រោងដាក់ពាក្យប្តឹង ​ប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី ជុំវិញការសម្រេចរបស់ប្រទេសទាំងនេះក្នុងការដាក់បម្រាមលើផលិតផលកសិកម្មរបស់អ៊ុយក្រែន។

ការសម្រេចហាមឃាត់ផលិតផលកសិកម្មអ៊ុយក្រែនពីសំណាក់ប្រទេសអឺរ៉ុបខាងលើនេះ បានកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុប (EU) បានដាក់ចេញវិធានការរឹតត្បិតកាលពីខែឧសភាកន្លងទៅ ដែលអនុញ្ញាតឲ្យប្រទេសជាសមាជិកដែលមានដូចជា ប៉ូឡូញ ប៊ុលហ្ការី ហុងគ្រី រ៉ូមានី និងស្លូវ៉ាគី អាចដាក់បម្រាមលើការលក់ផលិតផលកសិកម្មអ៊ុយក្រែន ដូចជា ស្រូវសាលី ពោត គ្រាប់រុក្ខជាតិ និងគ្រាប់ផ្កាឈូករ័ត្នជាដើមនៅក្នុងប្រទេសរបស់ពួកគេ ប៉ុន្តែអនុញ្ញាតឱ្យផលិតផលទាំងនេះ អាចត្រូវដឹកឆ្លងកាត់ប្រទេសទាំង ០៥នេះបាន សម្រាប់ការនាំចេញឆ្ពោះទៅទីផ្សារ​នៅកន្លែងផ្សេងទៀត។

ប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី បានប្រកាសពីការរឹតត្បិតខាងលើនេះកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅដោយលើកហេតុផលថា ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ និងដើម្បីការពារជីវភាពប្រជាកសិកររបស់ពួកគេ។

ជុំវិញការដាក់បម្រាមខាងលើនេះ លោក កាឆ្កា (Kachka) បាននិយាយថា «វាជារឿងសំខាន់ក្នុងការបញ្ជាក់ថា សកម្មភាពទាំងនេះគឺមិនត្រឹមត្រូវ​តាមច្បាប់នោះទេ។ ដូច្នេះហើយ ទើបយើងនឹងចាប់ផ្តើមដំណើរការតាមផ្លូវច្បាប់នៅថ្ងៃស្អែក (ថ្ងៃអង្គារ)»។ ជាមួយគ្នានេះដែរ លោក កាឆ្កា (Kachka) ក៏បានបញ្ជាក់បន្ថែមផងដែរថា អ៊ុយក្រែនអាចនឹងត្រូវបង្ខំចិត្តចាត់វិធានការតបតវិញ ប្រសិនបើពួកគេមិនព្រមទម្លាក់បម្រាមនោះចោល៕