ព័ត៌មានអន្តរជាតិ

ចិនច្រានចោលរបាយការណ៍របស់អង់គ្លេសស្តីពីស្ថានភាពទីក្រុងហុងកុង ហើយនិយាយថា ​ផែនការ​បង្អាក់​ទីក្រុង​ហុងកុងនឹង​ត្រូវទទួល​បរាជ័យ​

(ហុងកុង)៖ នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការបរទេសចិននៅក្នុងទីក្រុងហុងកុង បានប្រកាសថ្កោលទោសរបាយការណ៍រយៈពេល ៦ខែរបស់អង់គ្លេសស្តីពីស្ថានភាពរបស់ទីក្រុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់អាស៊ីមួយនេះ ថាមិនបានផ្អែកលើភាពជាក់ស្តែងក្នុងសង្គម និងបរិយាកាសធុរកិច្ច ដែលមានស្ថេរភាពជាងមុន ហើយថារបាយកាណ៍នោះ មានគោលជំហរប្រឆាំងនឹងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP

សូមជម្រាបថា ក្នុងសប្តាហ៍នេះ ចក្រភពអង់គ្លេសបានចេញផ្សាយរបាយការណ៍រយៈពេល ៦ខែរបស់ខ្លួនស្តីពីស្ថានភាពទីក្រុងហុងកុង គិតចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី៣០ ខែមិថុនា ដែលមានខ្លឹមសារថា អាជ្ញាធរទីក្រុងប៉េកាំងបានពង្រីកការអនុវត្តច្បាប់សន្តិសុខលើសពីកង្វល់សន្តិសុខជាតិពិតប្រាកដ។

ក្រសួងការបរទេសចិន បានឲ្យដឹងថា ទីក្រុងហុងកុងដែលត្រលប់មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញនៅក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីការប្រគល់ឲ្យវិញពីអតីតម្ចាស់អាណានិគមន៍គឺចក្រភពអង់គ្លេស។ ទីក្រុងនេះបានទទួលជោគជ័យជាសកលក្នុងការអនុវត្តប្រទេសមួយប្រព័ន្ធពីរ។ ក្រសួងការបរទេសចិន បានលើកឡើងដោយឆ្លុះបញ្ចាំងយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនប្រជាជនក្នុងចក្រភពអង់គ្លេសដែលរស់នៅក្នុងភាពក្រីក្របានកើនឡើង… អត្រាឧក្រិដ្ឋកម្មក៏បានកើនឡើងក្នុងកម្រិតខ្ពស់។ តើអង់គ្លេសយកអ្វីមករិះគន់ស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ហុងកុង? ផែនការបង្អាក់ទីក្រុងហុងកុងនឹងត្រូវបរាជ័យ»

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខជាតិកាលពីឆ្នាំ ២០២០ ក្រោយផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០១៩ ដែលកាលណោះបានធ្វើឱ្យកក្រើកទីក្រុងហុងកុង ក៏ដូចជាពិភពលោកទាំងមូល។ រដ្ឋាភិបាលលោកខាងលិចមួយចំនួនបានចេញមុខរិះគន់ច្បាប់នេះ ហើយថាវាគឺជាការទប់ស្កាត់សេរីភាពសង្គម និងនយោបាយ ប៉ុន្តែទាំងមន្ត្រីចិន និងហុងកុង បានបកស្រាយដូចគ្នាថា ច្បាប់នេះមានសារៈសំខាន់ណាស់ក្នុងការស្តារស្ថិរភាពឡើងវិញ៕