ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកឯកភ្នំ បង្រ្កាបឃាត់ខ្លួ​នមុខសញ្ញារក្សាទុកគ្រឿងញៀនខុសច្បាប់ម្នាក់អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧និង០០នាទី ត្រង់ចំណុចភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន​ ១ករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាន រដ្ឋា ហៅ ង៉ង់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ទម្ងន់ ១.៧២ក្រាម។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦៨៦​ ដប.ចខ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់លោក ឆែ វីរៈ ចៅក្រមស៊ើសួរសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្ដន្ទាទោសតាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
នាពេលនេះ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕