ព័ត៌មានក្នុងប្រទេស

ការចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំប្រព័ន្ធប្រឡាយ និងលូរំដោះទឹក នៅទីតាំងផ្ទះ ៤០០ខ្នង របស់បងប្អូនអតីតយុទ្ធជន និវត្តន៍ជន ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង

ខេត្តស្វាយរៀង​៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កេីត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំប្រព័ន្ធប្រឡាយ និងលូរំដោះទឹក នៅទីតាំងផ្ទះ ៤០០ខ្នង របស់បងប្អូនអតីតយុទ្ធជន និវត្តន៍ជន ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងឱកាសនោះដែរមានលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកអភិបាលស្រុករមាសហែក លោកអធិការនគរបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុក លោកមេឃុំ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានប្រសាសន៍ថា ក្រោមការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រដ្ឋបាលខេត្ត ក៏ដូចសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត តែងតែតាមដាន ចុះពិនិត្យ និងគាំទ្រជាប្រចាំដល់ការរស់នៅរបស់បងប្អូនអតីតយុទ្ធ និវត្តន៍ជន និងគ្រួសារនៅតំបន់ផ្ទះ ៤០០ខ្នងនេះ ដូចដែលពេលនេះ ស្ថិតនៅក្នុងគម្រោងជួយគាំទ្រ និងលើកស្ទួយជីវភាពរស់នៅរបស់បងប្អូននៅតំបន់នេះ រដ្ឋបាលខេត្ត បានសម្រេចរៀបចំប្រព័ន្ធប្រឡាយ និងប្រព័ន្ធលូរំដោះទឹកបន្ថែមទៀត ដើម្បីដោះស្រាយ និងបញ្ចៀសការជនលិចផ្ទះ និងផលដំណាំរបស់បងប្អូននៅពេលមានភ្លៀង ជាពិសេសនៅក្នុងរដូវវស្សាតែម្ដង ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំ និងជំរុញដល់ក្រុមជាង មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវជំរុញការរៀបចំនេះឲ្យបានលឿន និងត្រឹមត្រូវតាមបច្ចេកទេស ដោយរួមផ្សំជាមួយនឹងការពិនិត្យសិក្សាឲ្យបានច្បាស់លាស់ពីប្រព័ន្ធបង្ហូរទឹក នីវ៉ូទឹកជាដើម ដើម្បីធានាឲ្យការប្រើប្រាស់បានប្រកបដោយគុណភាព ប្រសិទ្ធភាពយូរអង្វែង និងអាចដោះស្រាយបាននៃបញ្ហាគឺបញ្ចៀសការជនលិចនៅក្នុងតំបន់នេះ ។