ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចចុះអនុវត្តត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀនលើអ្នកបើកបរតាមដងផ្លូវពេលយប់ បង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន និងក្រុមក្មេងទំនើង ក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងដោយមានការចូលរួមពី លោក លាង វាសនា អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង បានចុះអនុវត្តត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀនលើអ្នកបើកបរតាមដងផ្លូវពេលយប់ បង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន និងក្រុមក្មេងទំនើងដើរលេងពេលយប់ ដែលបង្កចលាចលអសន្តិសុខ ក្នុងភូមិសាស្រ្តភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំនួន០១លើក។ កម្លាំងក្នុងផែនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធសរុបចំនួន ៨៩នាក់ ក្នុងនោះ៖
-កម្លាំងផែនប្រឆាំងគ្រឿងញៀនចំនួន ៣៥នាក់ ស្រី០៣នាក់
-កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ១២នាក់ ស្រី០២នាក់
-កម្លាំងអធិការដ្ឋានក្រុងបាត់ដំបងចំនួន ១០នាក់
-កម្លាំងកងរាជអាវុធហត្ថក្រុងចំនួន ០៥នាក់
-កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តចំនួន ១០នាក់ ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យរថយន្តចំនួន ០១គ្រឿង មនុស្ស ០២នាក់ ស្រី០០នាក់ និងម៉ូតូ ១៥០គ្រឿង មនុស្ស ១៧០នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមលើអ្នកបើកបរបានចំនួន ១២៩នាក់ ស្រី០០នាក់។ ក្នុងនោះសមត្ថកិច្ចជំនាញបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ១០នាក់ (ប្រុស) ជាអ្នកបើកបរម៉ូតូ និងរកឃើញជនសង្ស័យរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១នាក់ (ប្រុស) ។ បច្ចុប្បន្ន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕