ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងចាប់ផ្តើមដាក់ពង្រាយទាហាន និងអាវុធឡើងវិញក្បែរតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូងក្រោយភាពតានតឹងជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ទីក្រុងព្យុងយ៉ាង

(សេអ៊ូល)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបាននិងកំពុងដាក់ពង្រាយឡើងវិញនូវប៉ុស្តិ៍យាមជួរមុខនៅតាមតំបន់ព្រំដែន ដែលខ្លួនបានរុះរើមុនពេលនៃកិច្ចព្រមព្រៀងទំនាក់ទំនងអន្តរកូរ៉េកាលពីឆ្នាំ២០១៨ ក្រោយការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងកាលពីសប្តាហ៍ទី២នៃខែវិច្ឆិកានេះ។

គួររំលឹកថា បន្ទាប់ពីមានការបន្ធូរបន្ថយភាពតានតឹងនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរក្រោមកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ភាគីទាំងពីរបានរុះរើ ឬដកអាវុធចេញពីប៉ុស្តិ៍យាមចំនួន ១១ ចេញពីតំបន់ព្រំដែន​ ដែលគេហៅថា “តំបន់គ្មានយោធា”។ យ៉ាងណាមិញ ចាប់ពីសម្រេចបានកិច្ចព្រមពៀងខាងលើនេះហើយ ភាគីទាំងពីរមិនបានបង្កើតវឌ្ឍនភាពបន្ថែមទៀតនោះទេ ហើយទីក្រុងព្យុងយ៉ាងក៏មិនទទួលបានសម្បទានដែលខ្លួនសំណូមពរពីសហរដ្ឋអាមេរិកផងដែរ។

គួរជម្រាបថា កិច្ចព្រមព្រៀងយោធាអន្តរកូរ៉េស្តីពី​ការ​ឃ្លាំ​មើល​ផ្នែក​យោធា​តាម​បណ្តោយព្រំដែននេះ គឺជាកិច្ចខិតខំប្រឹងប្រែងរវាងរដ្ឋាភិបាលកូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិកក្នុងអាណត្តិគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីទប់ស្កាត់ការគំរាមកំហែងនៃសង្គ្រាមនៅឧបទ្វីបកូរ៉េ និងពង្រីកតំបន់ការពាររវាងកូរ៉េទាំងពីរ។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ចេអ៊ីន (Moon Jae-in) និងមេដឹកនាំបច្ចុប្បន្នរបស់កូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន (Kim Jong Un) នៅភូមិ ប៉ានម៉ុនជុំ (Panmunjom) ស្ថិតក្នុងតំបន់ព្រំដែន។

កិច្ចព្រមព្រៀងនេះតម្រូវឱ្យកូរ៉េទាំងពីរបញ្ឈប់ការឃ្លាំមើលពីលើអាកាស និងសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់គ្មានការហោះហើរ និងតំបន់ការពារដែលពួកគេបានបង្កើតឡើងនៅតាមបណ្តោយ “តំបន់គ្មានយោធា ឫ DMZ ក៏ដូចជាការដកចេញនូវប៉ុស្តិ៍យាមជួរមុខ និងគ្រាប់មីនមួយចំនួនផងដែរ។ ក្រោមកិច្ច​ព្រម​ព្រៀង​នេះ​ ​កូរ៉េ​ខាង​ត្បូង​មាន​ប៉ុស្តិ៍​យាមសរុប​ចំនួន ៥០ និង​កូរ៉េ​ខាង​ជើងមានសរុប​ចំនួន ១៥០។

ជុំវិញការវិវត្តនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េខាងលើ ភាពតានតឹងបានកើតឡើងជាថ្មីម្តងទៀតបន្ទាប់ពីកូរ៉េខាងជើងបានអះអាងថាខ្លួនបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនទៅក្នុងគន្លងតារាវិថីដោយជោគជ័យកាលពីថ្ងៃទី២១ ខែវិច្ឆិកា។ បន្ទាប់ពីទទួលបានព៏ត៌មាននេះ កូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងផ្អាកមួយផ្នែកនៃកិច្ចព្រមព្រៀងនេះ ដោយនឹងបន្តការឃ្លាំមើលពីលើអាកាសនៅតាមតំបន់ DMZ ដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពរបស់កូរ៉េខាងជើង។

យោធាកូរ៉េខាងត្បូងបាននិយាយថា ការឆ្លើយតបរបស់ខ្លួនគឺជា “វិធានការការពារអប្បរមា” ពីព្រោះការបាញ់បង្ហោះផ្កាយរណបនេះបង្ហាញពីចេតនារបស់កូរ៉េខាងជើងក្នុងការពង្រឹងការត្រួតពិនិត្យរបស់ខ្លួនលើកូរ៉េខាងត្បូង និងកែលម្អបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន។

មួយថ្ងៃបន្ទាប់ពីការប្រកាសខាងលើរបស់កូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាងបានធ្វើការឆ្លើយតបដោយប្រកាសថានឹងចាប់ផ្តើមដាក់ពង្រាយកម្លាំង និងអាវុធឡើងវិញនៅតាមតំបន់ដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងខាងលើ៕