ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកែប ដឹកនាំសហការី អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពនាយនគរបាលខេត្ត ដែលទទួលមរណភាពដោយជំងឺគាំងបេះដូង

ខេត្តកែប៖ នៅព្រឹកថ្ងៃពុធ ០៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំ លោក លោកស្រីស្នងការរង នាយ-នាយរងនគរបាលខេត្ត ក្រុង ស្រុក និងមន្ត្រីចំណុះស្នងការដ្ឋាននគរបាលខេត្តកែប អញ្ជើញចូលរួមរំលែកមរណៈទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ទោ អ៉ី សេន នាយរងការិយាល័យវិទ្យុទាក់ទង ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង១២:៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី០៥ ខែ១២ ឆ្នាំ២០២៣ ដោយជំងឺគាំងបេះដូង នៅគេហដ្ឋាន នៃសព ភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប។

នាឱកាសដ៏ក្រៀមក្រំនេះលោកឧត្តមសេនីយ៍ ស្នងការ បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលខេត្តកែបទាំងអស់ និងក្នុងនាមលោកផ្ទាល់ សូមសំដែងនូវមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព។ ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ ស្នងការ លោក លោកស្រីស្នងការរង និងមន្ត្រីកងកម្លាំង បានគោរពវិញ្ញាណក្ខន្ធ និងចូលរួមថវិកាដែលជាការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី
កងកម្លាំងចំណុះស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន២,១២៤,០០០ រៀល និងគ្រឿងឧបភោគបរិភោគ រួមជាមួយសម្ភារៈមួយចំនួន សម្រាប់សម្រួលដោះស្រាយក្នុងពិធីបុណ្យ។

បន្ទាប់ពីចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ ស្នងការ បន្តដឹកនាំសហការីចូលរួមដង្ហែសពទៅកាន់ឈាបនដ្ឋាន និងចាត់ឲ្យមានកម្លាំងនៅកំដររោងបុណ្យរហូតដល់ចប់ពិធីផងដែរ។

ទន្ទឹមនោះក្រុមគ្រួសារ នៃសពក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកឧត្តមសេនីយ៍ ស្នងការ និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ សូមឲ្យមានសុខភាពល្អបរិបូណ៌ សំណាងល្អគ្រប់ពេលវេលា ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕