ព័ត៌មានអន្តរជាតិ

ចិន និង ស្វីស ចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយដែលមានគោលដៅពង្រីកពាណិជ្ជកម្មទ្វេរភាគី

(ហ្សឺណែវ)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋាភិបាល​ស្វីស​បាន​និយាយ​ថា ខ្លួន និងចិន ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​មួយដោយ​យល់​ព្រមក្នុងការ​ពង្រឹង​ភាព​ជា​ដៃ​គូ បន្ទាប់​ពីជំនួបរវាង​នាយក​រដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) ​ជាមួយ​ប្រធានាធិបតី​ស្វីស លោកស្រី វីអូឡា អាមហឺដ (Viola Amherd)។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ មករា ឆ្នាំ ២០២៤។

សូមជម្រាថា នាយក​រដ្ឋមន្ត្រីចិន លី ឈាំង (Li Qiang) គឺជាឥស្សរជនជាន់ខ្ពស់បំផុតរបស់ចិនដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសស្វីសចាប់តាំងពីទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងឆ្នាំ ២០១៧ ហើយជំនួបរវាងគណៈប្រតិភូជាន់ខ្ពស់ចិនជាមួយប្រធានាធិបតី​ស្វីសខាងលើនេះ គឺត្រូវបានធ្វើឡើងនៅមុនវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ដាវូស (Davos) ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤។​

សេចក្តី​ប្រកាសរួមខាងលើ​នេះ ​មានបញ្ចូលជាមួយ​ការ​បញ្ចប់​ការ​សិក្សា​រួម​ដើម្បី​អភិវឌ្ឍ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្រាប់​របស់​ប្រទេស​ទាំង​ពីរ ហើយរដ្ឋាភិបាលស្វីសបាននិយាយថា “នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការចាប់ផ្តើមការចរចាដែលអាចធ្វើទៅបាន”

គួរបញ្ជាក់ថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣របស់ប្រទេសស្វីស បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាលពីឆ្នាំ ២០១៣ ដែលកាលណោះ វាគឺជាកិច្ចព្រមព្រៀងដំបូងរបស់ទីក្រុងប៉េកាំងជាមួយនឹងសេដ្ឋកិច្ចនៅទ្វីបអឺរ៉ុប។

យ៉ាងណាមិញ កន្លងមក កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងមានភាពល្អប្រសើរ បានជួបភាពជាប់គាំងចំពេលមានរបាយការណ៍ពីការព្រួយបារម្ភអំពីកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិន ហើយកិច្ចសន្ទនារវាងក្រសួងការបរទេសស្វីស និងចិននឹងបន្តឡើងវិញនៅក្នុងឆ្នាំនេះ ជាមួយនឹងគម្រោងក្នុងការដាក់បញ្ចូលបញ្ហាសិទ្ធិមនុស្សទៅក្នុងរបៀបវារៈនៃកិច្ចចរចានេះផងដែរ។

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស្វីសបានឲ្យដឹងថា លោក លី (Li) និងលោកស្រី អេមហឺដ (Amherd) ក៏បានពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងជម្លោះអ៊ីស្រាអែល-ហាម៉ាសផងដែរ៕