បច្ចេកវិទ្យា

រថយន្ត Peugeot នឹងបំពាក់មុខងារ ChatGPT សម្រាប់ធ្វើការសន្ទនាជាមួយអ្នកបើកបរ

(ប៉ារីស)៖ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនផលិតរថយន្តបារាំង Stellantis នៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ម៉ាកយីហោរថយន្ត Peugeot របស់ខ្លួនគ្រោងនឹងបំពាក់ជាមួយមុខងារ ChatGPT ដើម្បីកែលម្អ​មុខងារជំនួយការសំឡេងនៅក្នុងរថយន្តធន់តូច និងបែបគ្រួសារ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Volkswagen និង Mercedes-Benz ដែលបាននិងកំពុងសិក្សាក្នុងការបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដ៏ពេញនិយមមួយនេះនៅលើរថយន្តរបស់ខ្លួនផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters

នាយកគម្រោងផលិតផលរបស់ Peugeot លោក Jerome Micheron បានប្រាប់ទៅកាន់អ្នកយកព័ត៌មានថា “យើងនឹងណែនាំមុខងារ ChatGP នៅក្នុងរថយន្តគ្រប់ម៉ូដែលទាំងអស់ដែលក៏រួមមានទាំងម៉ូដែល e-3008 ជំនាន់ថ្មី និងរថយន្តពាណិជ្ជកម្មខ្នាតតូចផងដែរ”

លោក Jerome Micheron បានបន្តថា នៅថ្ងៃពុធសប្តាហ៍នេះ រថយន្ត Peugeot នឹងដាក់ដំណើរការកំណែសាកល្បងនៃសេវាកម្ម ChatGPT ដែលនឹងអាចភ្ជាប់ទៅកាន់ការគ្រប់គ្រងយានយន្ត និងឆ្លើយសំណួរទូទៅជាច្រើនដែលទាក់ទងនឹងការស្វែងរកផ្លូវក្នុងប្រទេសចំនួន ០៥ដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ហើយសេវាកម្មនេះក៏ត្រូវបានគ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាលក្ខណៈស្តង់ដារនៅក្នុងឆ្នាំនេះផងដែរ។

សូមជម្រាបថា កាលពីឆ្នាំមុន ក្រុមហ៊ុន Mercedes-Benz ក៏បានចាប់ផ្តើមសាកល្បងអនុញ្ញាតឱ្យអ្នកបើកបរប្រើប្រាស់មុខងារ ChatGPT នៅក្នុងសហរដ្ឋអាមេរិកដែរ ដោយនិយាយថាវាគួរតែជួយផ្តល់ការឆ្លើយតបលក្ខណៈធម្មជាតិឲ្យបានកាន់តែច្រើន និងដោះស្រាយការសាកសួរសំនួរជាច្រើនចាប់ពីព័ត៌មានលម្អិតអំពីទិសដៅបើកបររហូតដល់ការផ្តល់យោបល់ទាក់ទងនឹងប្រធានបទនានា។

ដោយឡែក នៅដើមខែមករានេះ ក្រុមហ៊ុន Volkswagen បាននិយាយថា នៅត្រឹមពាក់កណ្តាលឆ្នាំនេះ មុខងារជំនួយការសំឡេងដែលបំពាក់នៅលើរថយន្តរបស់ខ្លួន ក៏នឹងរួមបញ្ចូលមុខងារ ChatGPTផងដែរដើម្បីជួយសម្រួលដល់ការសន្ទនាជាអន្តរកម្មជាមួយអ្នកបើកបរ។

ក្រៅពីប្រកាសពីផែនការបំពាក់មុខងារដ៏ពេញនិយមខាងលើ Peugeot ក៏បាននិយាយផងដែរថា ខ្លួននឹងប្រកាសពីការធានាសម្រាប់រយៈពេល ០៨ឆ្នាំសម្រាប់ម៉ូដែល e-3008 ដែលជាប្រភេទរថយន្តអគ្គីសនី បើប្រៀបធៀបទៅនឹងការធានារយៈពេលត្រឹម ២ឆ្នាំសម្រាប់ម៉ូដែលដូចគ្នានេះក្នុងពេលបច្ចុប្បន្ន ដើម្បីព្យាយាមលើកទឹកចិត្តអ្នកបើកបរកាន់តែច្រើនឲ្យផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីវិញ៕