ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចស្រុកមោងឫស្សី ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាប្រេីប្រាស់ពូថៅកាប់លើកុមារម្នាក់ទៀតអោយរងរបួលធ្ងន់

ខេត្តបាត់ដំបង៖ កាលពីថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២១និង២២នាទី​ ក្នុងបរិវេណវត្តទួលព្រុំ ត្រង់ចំណុចក្រុមទី១១ ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីប្រើអំពើហិង្សាដោយចេតនា (ប្រើប្រាស់ពូថៅ) មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ អាត ចាន់រិទ្ធ ហៅវិត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយពូថៅ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ នីម សាវី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី បណ្តាលឲ្យរងរបួសចំក្បាលពីក្រោយដេរ០៨ថ្នេរ និងក្រោមកញ្ចឹងកខាងស្ដាំ ដេរ០២ថ្នេរ ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អាត ចាន់រិទ្ធ ហៅវិត ភេទប្រុស នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥:៥០នាទី ត្រង់ចំណុចក្រុមទី១១ ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាព ប្រេីប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុ ដោយសារ ជនសង្ស័យស្រវឹងស្រា ។
បច្ចុប្បន្ន​ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕