ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

សិង្ហបុរី និងម៉ាឡេស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហានៃការបោកប្រាស់តាមបណ្តាញទូរគមនាគមន៍

កាលពីចុងសប្តាហ៍កន្លងទៅ អាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Infocomm របស់ប្រទេសសិង្ហបុរី (Infocomm Media Development Authority) និងគណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (Malaysian Communications and Multimedia Commission) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយបញ្ហានៃការបោកប្រាស់តាមបណ្តាញទូរគមនាគមន៍ បន្ទាប់របាយការណ៍ក្នុងឆ្នាំ ២០២៣បានបង្ហាញថា មានករណីបោក​ប្រាស់សរុបគិតជាទឹកប្រាក់ស្មើនឹង ៦៥១,៨លាន​ដុល្លារ​សិង្ហបុរី ឫ ៤៨៤,៩លាន​ដុល្លារអាមេរិកបានកើតឡើងក្នុងទឹកដីសិង្ហបុរី។

កិច្ច​ព្រម​ព្រៀង​ខាងលើនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ២៥ ខែកុម្ភៈកន្លងទៅនៅទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ក្នុងព្រឹត្តិការណ៍ Mobile World Congress ហើយវាមានគោលដៅ​ស្វែង​រក​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​សកម្មភាព​អនុវត្ត​បទ​ប្បញ្ញត្តិ​ដែល​ទាក់ទង​នឹង​ការ​ឆបោកនិងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកក្នុងវិស័យដូចជា ក្របខ័ណ្ឌបទប្បញ្ញត្តិ ដំណោះស្រាយផ្នែកបច្ចេកទេស និងគោលនយោបាយដែលទាក់ទងនឹងបោកប្រាស់ជាលក្ខណៈតេ និងផ្ញើសារតាមទូរសព្ទទាំងក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។

ជាមួយកិច្ចព្រមព្រៀងថ្មីនេះ ប្រទេសជិតខាងទាំងពីរមានគោលបំណងជំរុញវិធីសាស្រ្តក្នុងការសម្របសម្រួល

ក្នុងតំបន់ដើម្បីផ្លាស់ប្តូរការស៊ើបការណ៍សម្ងាត់ឆ្លងព្រំដែនជាយុទ្ធសាស្រ្ត សម្របសម្រួលការស្រាវជ្រាវ និងបង្កើនការការពារ។

សូមជម្រាបថា ការបោកប្រាស់គឺជាបញ្ហាឆ្លងព្រំដែនដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរឹងមាំក្នុងចំណោមប្រទេសនានា ហើយកន្លងមក ប្រទេសទាំងពីរបានសហការគ្នាក្នុងសកម្មភាពអនុវត្តច្បាប់ជាច្រើនរួចមកហើយក្នុងការប្រឆាំងនឹងក្រុមជនបោកប្រាស់។

IMDAបាននិយាយថា ម៉ាឡេស៊ីគឺជាដៃគូដ៏សំខាន់របស់សិង្ហបុរីក្នុងការកសាងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមបណ្តាញទូរគមនាគមន៍។

នាយកប្រតិបត្តិ IMDA លោក Lew Chuen Hong បានគូសបញ្ជាក់ក្នុងពិធីចុះហត្ថលេខាខាងលើថា កិច្ចសហប្រតិបត្តិការអន្តរជាតិបែបនេះមានសារៈសំខាន់ក្នុងការរក្សាការជឿទុកចិត្តសម្រាប់សង្គមឌីជីថល ជាពិសេសក្នុងការដោះស្រាយបញ្ហាដូចជាការបោកប្រាស់តាមអ៊ីនធឺណិត។

គួរបញ្ជាក់ថា មុននេះ សិង្ហបុរីក៏បានចុះអនុស្សរណៈនៃការយោគយល់

(MOU) ស្រដៀងគ្នានេះជាមួយនាយកដ្ឋានកិច្ចការផ្ទៃក្នុងរបស់ប្រទេសនូវែលសេឡង់ គណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់សហរដ្ឋអាមេរិក និងអាជ្ញាធរទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលីផងដែរ៕