រដ្ឋបាលរាជធានី-ខេត្ត

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារខេត្តបន្ទាយមានជ័យ​ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤

បន្ទាយមានជ័យ ៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារខេត្តបន្ទាយមានជ័យ​ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ ធ្វេីឡេីងនៅសាលប្រជុំ​ធំ​ សាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ​ ធីវ​ សុខុម​ ប្រធាន​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារ (គ ក ស ក)​ខេត្ត​ បានបញ្ជាក់ថា​ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារខេត្ត បានអនុវត្តការងារយ៉ាងមមាញឹក និងខ្ជាប់ខ្ជួនបំផុត ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងបានចុះ ពង្រឹងបន្ថែមអំពីការអនុវត្តតួនាទីភារកិច្ច ការ រៀបចំផែនការសកម្មភាព ផែនការថវិកា និងកិច្ចការពារកុមារ ដល់ ក្រុមករងារក្រុងស្រុកទាំង៩ និងក្រុមការងារឃុំសង្កាត់បានចុះសួរសុខទុក្ខ គ្រួសារកុមារក្រីក្រ កុមាររងគ្រោះ និងងាយរងគ្រោះ នៅតាមមូលដ្ឋាន និងបានផ្ដល់ឃីត ដែល ជាអំណោយរបស់អង្គការ យូនីសេហ្វ ដោយមានការចូលរួមយ៉ាងផុសផុលផងដែរ។

ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទី​ បានថ្លែងការកោតសរសើរ ចំពោះអង្គការដៃគូរ ដែលមានការសហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំនេះឡើង ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចទាំងមូល នៃរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំសង្កាត់ និងអង្គការដៃគូ។​ ចំពោះរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ លោកបានណែនាំ​ គួរតែធ្វើការវិភាគថវិកា ដល់ គ ក ស ក ក្រុងស្រុក និង គ ក ន ក ឃុំសង្កាត់ ដើម្បីមានធនធានសម្រាប់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានរលូន និងដើម្បីពង្រឹងសមត្ថភាពស្ត្រី ដើម្បីឱ្យស្ត្រីមានសិទ្ធិក្នុងការធ្វើការសម្រេចចិត្ត ព្រោះថាស្ត្រីជាមាតានៃពិភពលោក ស្រ្តីជាឆ្អឹងខ្នងនៃប្រទេសជាតិ ។

ក្នុងឱកាសនោះបន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំ ក្រុមការងារ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារ (គ ក ស ក)​ខេត្ត​ ក្រុង​ ស្រុក​ រួមនិងអង្គការដៃគូបានចូលរួមយ៉ាងសកម្ម​ ក៏ទទួលបាននូវបណ្ណសរសើរ​ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​និងកុមារ (គ ក ស ក)​ខេត្ត​ផងដែរ៕