ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ផ្កាយរណបដែលរៀបចំឡើងដោយក្រុមហ៊ុន Google នឹងចាប់ផ្តើមតាមដានសកម្មភាពបំភាយឧស្ម័នមេតានពីឧស្សាហកម្មប្រេងនៅទូទាំងពិភពលោក

(វ៉ាស៊ីនតោន)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ផ្កាយរណបថ្មីមួយដែលត្រូវបានរៀបចំដោយក្រុមហ៊ុន Google និងមូលនិធិការពារបរិស្ថាន (Environmental Defense Fund) ត្រូវបានបាញ់បង្ហោះទៅកាន់លំហអាកាសពីរដ្ឋកាលីហ្វ័រញ៉ា ទឹកដីសហរដ្ឋអាមេរិកសម្រាប់បេសកកម្មមួយដើម្បីតាមដានការបំភាយឧស្ម័នមេតានពីឧស្សាហកម្មប្រេង និងឧស្ម័នពីលើលំហអាកាស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ មីនា ឆ្នាំ២០២៤។

ផ្កាយរណបដែលមានឈ្មោះថា MethaneSAT នឹងជួយដល់ការរីកចម្រើននៃដំណើរការរបស់យានអវកាសដែលកំពុងស្ថិតក្នុងគន្លងតារាវិថីដែលធ្វើការលើការជួយប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ តាមរយៈការបោះពុម្ពផ្សាយទិន្នន័យស្តីពីការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលមើលអាចមិនឃើញដោយការតាមដានធម្មតាបាន។

តាមការបញ្ជាក់របស់ក្រុមហ៊ុនដែលអភិវឌ្ឍផ្កាយរណបនេះ ខណៈដែលទីភ្នាក់ងារអវកាសអឺរ៉ុប និងឧបករណ៍តាមដានផ្កាយរណបមួយទៀតដែលមានឈ្មោះថា GHGSat កំពុងផ្តល់ទិន្នន័យស្តីការបំភាយឧស្ម័នមេតានរួចហើយនោះ ផ្កាយរណប MethaneSATនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតលើទិន្នន័យដែលមានស្រាប់ និងទិដ្ឋភាពដែលធំទូលាយជាងមុនដែលនឹងជួយដល់ការអភិវឌ្ឍន៍ការតាមដានពីការបម្រែបម្រួលកាន់តែប្រសើរថែមទៀត។

មូលនិធិការពារបរិស្ថាន (Environmental Defense Fund) បាននិយាយថា ទិន្នន័យនេះនឹងនាំមកនូវការទទួលខុសត្រូវសម្រាប់ក្រុមហ៊ុនផលិតប្រេង និងឧស្ម័នជាង ៥០នៅទូទាំងពិភពលោកដែលបានសន្យានៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28ក្នុងទីក្រុងឌូបៃកាលពីខែធ្នូកន្លងទៅក្នុងការលុបបំបាត់ឧស្ម័នមេតាន និងការបំភាយឧស្ម័នជាប្រចាំ ព្រមទាំងជួយអ្នកដែលរៀបចំផែនការសម្រាប់ការអនុវត្តបទប្បញ្ញត្តិស្តីពីឧស្ម័ន​មេតាន​នៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដែលរួមមាន​ទាំងការកំណត់តម្លៃនៃការ​បំពុល​ឧស្ម័ននេះផងដែរ។

លោក Mark Brownstein អនុប្រធានជាន់ខ្ពស់សម្រាប់ការផ្លាស់ប្តូរថាមពលនៅ EDF បាននិយាយថា “យើងនឹងអាចមើលថាតើនរណាដែលមានភាពយឺតយ៉ាវក្នុងការអនុវត្ត ប៉ុន្តែសង្ឃឹមថាពួកគេនឹងប្រើប្រាស់ព័ត៌មាននោះក្នុងន័យស្ថាបនា ដើម្បីកែលម្អការអនុវត្តរបស់ពួកគេ”

បើតាម EDF ផ្កាយរណប MethaneSAT ត្រូវបានបង្កើតឡើងដោយមានការផ្សាភ្ជាប់ជាមួយទីភ្នាក់ងារអវកាសនូវែលសេឡង់ និងសាកលវិទ្យាល័យ Harvard ក្នុងចំណោមស្ថាប័នផ្សេងទៀត ហើយទិន្នន័យរបស់វានឹងត្រូវបានប្រកាសជាសាធារណៈនៅចុងឆ្នាំនេះ ដោយមានសេវាកម្ម Google Cloudជួយផ្តល់នូវសមត្ថភាពក្នុងការដំណើរការព័ត៌មានទាំងនោះ។

គួរឲ្យដឹងថា ការបំភាយឧស្ម័នមេតាន ដែលជាទូទៅកើតចេញពីការផលិតប្រេង និងឧស្ម័នធម្មជាតិ កាកសំណល់កសិកម្ម និងកន្លែងចាក់សំរាម បានជះឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ខ្លាំងជាងឧស្ម័នកាបូនឌីអុកស៊ីតទៅទៀត៕