ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

នូវែលសេឡង់ចោទចិនថាបានធ្វើសកម្មភាពលួចទិន្នន័យរដ្ឋាភិបាលរបស់ខ្លួន

នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលនូវែលសេឡង់បាននិយាយថា ខ្លួនបានបង្កើនការព្រួយបារម្ភចំពោះរដ្ឋាភិបាលចិនក្រោយមានរបាយការណ៍ពីការរកឃើញសកម្មភាព​វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើសភានូវែលសេឡង់កាលពីឆ្នាំ ២០២១ ដែលត្រូវបានភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសបញ្ជាក់ថាត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។

ការលាតត្រដាងដែលបញ្ជាក់ពីការប៉ុនប៉ងលួចទិន្នន័យរបស់សមាជិកសភាប្រទេសនូវែលសេឡង់ខាងលើនេះ បានកើតឡើងស្របពេលដែលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកចោទប្រកាន់ប្រទេសចិនថាបានធ្វើយុទ្ធនាការចារកម្មតាមអ៊ីនធឺណិតដែលកំពុងបន្តរីករាលដាលយ៉ាងសកម្ម។

រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេសខាងលើនេះ គឺមិនអាចទទួលយកបានទេ ហើយយើងជំរុញឲ្យប្រទេសចិនជៀសវាងពីសកម្មភាពបែបនេះនាពេលអនាគត”

លោក Peters បានឲ្យដឹងថា ការព្រួយបារម្ភអំពីសកម្មភាពចារកម្មតាមប្រព័ន្ធអ៊ីនធឺណេតដែលត្រូវបានសន្មតថាជាក្រុមដែលទទួលបានការគាំទ្រដោយរដ្ឋាភិបាលចិន និងផ្តោតគោលដៅលើស្ថាប័នប្រជាធិបតេយ្យនានាទាំងនៅប្រទេសនូវែលសេឡង់ និងចក្រភពអង់គ្លេសនោះ ត្រូវបានប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតចិនហើយ។

តាមការបញ្ជាក់របស់មន្ត្រីចារកម្មកំពូលនូវែលសេឡង់ដែលបានប្រាប់ទៅកាន់គណៈកម្មាធិការសភានៅថ្ងៃអង្គារបានឲ្យថា មានពលរដ្ឋនូវែលសេឡង់ ០៧នាក់បានផ្តល់ការបណ្តុះបណ្តាលដល់យោធាចិនក្នុងរយៈពេល ១៨ខែចុងក្រោយ ដែលនេះគឺជាអ្វីដែលលោកបានហៅថាជា “ហានិភ័យសន្តិសុខជាតិដ៏សំខាន់”

យ៉ាងណាមិញ អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសនូវែលសេឡង់បានធ្វើការឆ្លើតតបតាមសារអេឡិចត្រូនិចថា ខ្លួនសូមធ្វើការបដិសេធចំពោះការចោទប្រកាន់ខាងលើនេះដោយបញ្ជាក់ថាវាត្រូវបានធ្វើឡើងដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវ ហើយបានសម្តែងការមិនពេញចិត្ត និងការប្រឆាំងដាច់ខាតចំពោះការចោទប្រកាន់របស់អាជ្ញាធរនូវែលសេឡង់នេះ។

ដោយឡែក កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ មន្ត្រីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក៏បានធ្វើការប្តឹង ដាក់ទណ្ឌកម្ម និងចោទប្រកាន់ទីក្រុងប៉េកាំងជុំវិញការធ្វើយុទ្ធនាការចារកម្មតាមអ៊ីនធឺណិតយ៉ាងទូលំទូលាយ ដែលបានបង្កការប៉ះពាល់មនុស្សរាប់លាននាក់ រួមមានចាប់ពីសមាជិកសភា បញ្ញវន្ត័ និងអ្នកកាសែត និងក្រុមហ៊ុននានារួមមានទាំងក្រុមហ៊ុនដែលស្ថិតក្នុងវិស័យការការពារជាតិផងដែរ៕