ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចវៀតណាមកើនឡើងជាង ៥ភាគរយក្នុងត្រីមាសទីមួយដែលជំរុញដោយកំណើននៃការនាំចេញ

យោងតាមទិន្នន័យរដ្ឋាភិបាលវៀតណាមដែលចេញផ្សាយនៅថ្ងៃសុក្រនេះបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងក្នុងកម្រិត ៥.៦៦ ភាគរយក្នុងត្រីមាសទីមួយនេះធៀបនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយកំណើននៃការនាំចេញ បើទោះបីជាតម្លៃដឹកជញ្ជូនមានការកើនឡើងដោយសារភាពចលាចលនៅសមុទ្រក្រហមក៏ដោយ។

កំណើនសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទីមួយដែលគិតចាប់ពីខែមករាដល់ខែមីនានេះ មានកំណើនខ្ពស់ជាងត្រីមាសទីមួយឆ្នាំមុនដែលមានកម្រិត ៣.៤១ភាគរយ ប៉ុន្តែទាប ជាងកំណើនកាលពីត្រីមាសទីបួនកន្លងទៅដែលមានកម្រិត ៦.៧២ភាគរយ។

ជាទូទៅកំណើនក្នុងត្រីមាសទីមួយតែងតែមានទាបជាងត្រីមាសទីបួនឆ្នាំមុនដោយសារតែថ្ងៃឈប់សម្រាបក្នុងឱកាសពិធីបុណ្យនានា។

សូមជម្រាបថា ប្រទេសអាស៊ីអាគ្នេយ៍ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងប្រទេសនាំចេញស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងសម្លៀកបំពាក់ដ៏សំខាន់ទៅកាន់ទីផ្សារពិភពលោកនេះ បាននិងកំពុងសម្លឹងមើលការពង្រឹងសកម្មភាពអាជីវកម្មរបស់ខ្លួន បន្ទាប់ពីខកខានក្នុងការចាប់យកកំណើនសេដ្ឋកិច្ចទៅតាមគោលដៅដែលបានកំណត់កាលពីឆ្នាំមុនដោយសារកម្សោយនៃតម្រូវការសកល និងកង្វះថាមពលក្នុងរយៈពេលខ្លី។

សម្រាប់ឆ្នាំនេះ វៀតណាមបានដាក់គោលដៅកំណើនផលិតផលក្នុងស្រុក (GDP) ពី ៦.០ ទៅ ៦.៥ភាគរយ។

ការិយាល័យស្ថិតិទូទៅរបស់ប្រទេសនេះបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនថា ក្នុងត្រីមាសទីមួយនេះ វិស័យផលិតកម្ម និងសំណង់មានការកើនឡើង ៦.២៨ភាគរយ ខណៈដែលវិស័យសេវាកម្មបានកើនឡើង ៦.១២ភាគរយធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះ ការនាំចេញទំនិញពីប្រទេសនេះមានការកើនឡើងយ៉ាងខ្លាំងក្នុងត្រីមាសនេះ បើទោះបីជាមានការរំខានដល់ការដឹកជញ្ជូននៅសមុទ្រក្រហមដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុម ហ៊ូធីស (Houthis) ដែលត្រូវបានគេប៉ាន់ប្រមាណថាបានបង្កើនការចំណាយលើការដឹកជញ្ជូនចន្លោះពី ៥៥ភាគរយទៅ ៧៣ភាគរយសម្រាប់ទំនិញរបស់ប្រទេសនេះយ៉ាងណាក្តី។

តាមការបញ្ជាក់ពីការិយាល័យស្ថិតិទូទៅ ការនាំចេញទំនិញរបស់វៀតណាមក្នុងត្រីមាសទីមួយនេះបានកើនឡើង ១៧ភាគរយធៀបនឹងឆ្នាំមុន កើនឡើងដល់ ៩៣.០៦ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ១៣.៩ភាគរយស្មើនឹងទំហំ ៨៤.៩៨ពាន់លានដុល្លារ ដែលនាំឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៨.០៨ពាន់លានដុល្លារ។

ក្រៅពីនេះ ការិយាល័យស្ថិតិទូទៅបានឲ្យដឹងបន្ថែមថា ការនាំចេញគ្រឿងអេឡិចត្រូនិករបស់ប្រទេសនេះបានកើនឡើង ៣០ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការនាំចេញស្មាតហ្វូនបានកើនឡើង ១០ភាគរយ ហើយការនាំចេញសម្លៀកបំពាក់បានកើនឡើង ៧.៩ភាគរយ។

ដោយឡែក សម្រាប់ផលិតកម្មឧស្សាហកម្មវិញ ក្នុងត្រីមាសទីមួយនេះមានការកើនឡើង ៥.៧ភាគរយដោយតម្លៃទំនិញប្រើប្រាស់ក្នុងខែមីនាបានកើនឡើង ៣.៩៧ភាគរយ ខណៈការលក់រាយក្នុងអំឡុងខែមករាដល់ខែមីនា បានកើនឡើង ៨.២ភាគរយ។  ទីប្រឹក្សារដ្ឋាភិបាលលោក Can Van Luc បាននិយាយថា កំណើនសេដ្ឋកិច្ចក្នុងត្រីមាសនេះមានការជំរុញយ៉ាងរឹងមាំពីតម្រូវការដែលបានផ្តល់សន្ទុះដល់ការផលិត និងការនាំចេញ។

យ៉ាងណាមិញ លោក Luc បានបន្ថែមថា សេដ្ឋកិច្ចនៅតែប្រឈមមុខនឹងហានិភ័យខាងក្រៅ ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយ អំពើភេរវកម្ម ការរំខានការដឹកជញ្ជូនសមុទ្រក្រហម និងការប្រែប្រួលអាកាសធាតុ ដោយតម្រូវឲ្យរដ្ឋាភិបាលចាំបាច់ត្រូវធ្វើឲ្យមានភាពជឿនលឿនបន្ថែមទៀតក្នុងការកែលម្អបរិយាកាសអាជីវកម្មរបស់ខ្លួន និងដោះស្រាយបញ្ហានៃទីផ្សារអចលនទ្រព្យ និងទីផ្សារមូលបត្រក្រុមហ៊ុនដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ន៕