បច្ចេកវិទ្យា

Microsoft បំបែកការលក់កម្មវិធី Teams និង Office ចេញពីគ្នានៅទូទាំងពិភពលោកក្នុងពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យជុំវិញករណីប្រឆាំងទំនុកចិត្ត

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ Microsoft បាននិយាយថា ខ្លួននឹងចាប់ផ្តើមដាក់លក់កម្មវិធីទំនាក់ទំនងដែលមានឈ្មោះថា Teams និងកម្មវិធី Office របស់ខ្លួនដាច់ដោយឡែកពីនៅទូទាំងពិភពលោក បន្ទាប់ពីបានអនុវត្តអស់រយៈពេលប្រាំមួយខែសម្រាប់ការលក់ក្នុងទឹកដីអឺរ៉ុបដើម្បីជៀសវាងពីការរងពិន័យទាក់ទងនឹងច្បាប់ប្រឆាំងទំនុកចិត្តរបស់សហភាពនេះ។

សូមជម្រាបថា គណៈកម្មការអឺរ៉ុបបាននឹងកំពុងស៊ើបអង្កេតលើការចងជាកញ្ចប់សម្រាប់ការលក់កម្មវិធី Teams ជាមួយនឹងកម្មវិធី Office របស់ក្រុមហ៊ុន Microsoft ចាប់តាំងពីទទួលបានពាក្យបណ្តឹងក្នុងឆ្នាំ ២០២០ ជុំវិញការប្រកួតប្រជែងមិនស្មើភាពពីក្រុមហ៊ុនផលិតកម្មវិធីទំនាក់ទំនងនានា ហើយក្រុមហ៊ុននេះបានចាប់ផ្តើមលក់កម្មវិធីទាំងពីរខាងលើដាច់ដោយឡែកពីគ្នាក្នុងទឹកដីអឺរ៉ុប និង ប្រទេសស្វីសកាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣មក។

សូមបញ្ជាក់ថា កម្មវិធី Teams ត្រូវបានបន្ថែមទៅក្នុងសំណុំកម្មវិធី Office 365 ក្នុងឆ្នាំ ២០១៧ ដោយមិនគិតថ្លៃដើម្បីជំនួសកម្មវិធី Skype for Businessហើយវាបានទទួលការពេញនិយមខ្លាំងក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតកូវីដ-១៩ដោយសារមនុស្សត្រូវបានតម្រូវឲ្យធ្វើការពីផ្ទះ ជាពិសេសជាមួយមុខងារប្រជុំជាវីដេអូ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី០១ ខែមេសានេះ អតិថិជននៅទូទាំងពិភពលោកអាចបន្តជាមួយនឹងកិច្ចព្រមព្រៀងអាជ្ញាបណ្ណក្នុងបច្ចុប្បន្ន ធ្វើការបន្ត ធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្តូរទៅប្រើប្រាស់ការផ្តល់ជូនថ្មីដូចដែលបានរៀបរាប់ខាងលើ។

គួរជម្រាបថា ក្រុមហ៊ុន Microsoft បានប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន ២.២ ពាន់លានអឺរ៉ូ ឫ ២.៤ពាន់លានដុល្លារអាមេរិកជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងករណីប្រឆាំងទំនុកចិត្តរបស់សហភាពអឺរ៉ុបជុំវិញការចង ឬលក់កម្មវិធីច្រើនមុខជាកញ្ចប់បញ្ចូលគ្នា ដែលទំហំនៃការផាកពិន័យនេះគឺស្មើនឹងប្រមាណ ១០ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំជាសកលរបស់ក្រុមហ៊ុននេះ៕

ប្រភព៖ Reuters