ព័ត៌មានក្នុងប្រទេស

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាវប្បធម៌ជាតិ ០៣មីនា លើកទី២៦ ឆ្នាំ២០២៤

ខេត្តកោះកុង៖ថ្ងៃចន្ទ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសាឆ្នាំ២០២៤ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាវប្បធម៌ជាតិ០៣មីនា លើកទី២៦ ឆ្នាំ២០២៤

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះខេត្តកោះកុងរបស់យើង មានកិត្តិយស និងមោទនភាពដ៏ឧត្តុង្គឧត្តម ដោយបានរួម ចំណែកជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រារព្ធពិធីទិវាវប្បធម៌ជាតិ០៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ជាតិ ដ៏មានសារៈសំខាន់មួយ ដើម្បីរំលឹកឱ្យចងចាំអំពីគុណណូបការៈ បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា លោកគ្រូ អ្នកគ្រូ និងក្មួយៗ យុវជន សិស្សានុសិស្សទាំងអស់ ដែលមានវត្តមាននៅទីនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ចំពោះ ការប្រារព្ធនូវទិវាវប្បធម៌ជាតិ មីនា ជាប្រចាំឆ្នាំ ដែលឆ្នាំនេះ ជាការប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦។ ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិ ៣មីនា ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួមបំផុស នូវមនសិការស្រលាញ់សិល្បៈវប្បធម៌និងទំនៀមទម្លាប់ប្រពៃណី និងកេរដំណែលដូនតាជាច្រើន ទៀត ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិសម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណង ធានាឱ្យបាននូវការអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាព និងបរិយាប័ន្ន។ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ដល់ការលើកតម្លៃចំពោះ វប្បធម៌ អរិយធម៌ជាតិ ដ៏ឧត្តុង្គឧត្តមរាជរដ្ឋាភិបាលសម្រេចរក្សានូវ ប្រធានបទតែមួយគឺ «យុវជនដើម្បីវប្បធម៌ជាតិ » ក្នុងគោលបំណងជំរុញទឹកចិត្ត ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ពិសេសយុវជនបន្តវេនឱ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌។

តាងនាមរដ្ឋបាលខេត្តកោះកុង ក៏ដូចរូបខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលវិជ្ជមាន ដែលចេញពីដំណើរការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ក្នុងការថែរក្សា ការពារ បណ្តុះបណ្តាលផ្សព្វផ្សាយ ផ្ទេរចំណេះជំនាញ បច្ចេកទេស ទេពកោសល្យ ជំនាញវិជ្ជាជីវៈដូនតា ឱ្យ ដល់មនុស្សជំនាន់ក្រោយ ពិសេសស្រទាប់យុវជន ដែលជាទំពាំងស្នងឬស្សី ពោរពេញដោយសក្តានុពល ប្រឌិតញាណ ក្នុងសកម្មភាពអភិរក្សទំនើបកម្ម និងការបង្កើតថ្មី។

គណៈអធិបតី និងអង្គពិធីទាំងមូលជាទីមេត្រី ! ជាតិសាសន៍ណាក៏ដោយ តែងតែមានមោទនភាព នឹងវប្បធម៌ជាតិរបស់ខ្លួន។ ជនជាតិខ្មែរយើងក៏ដូច្នេះដែរ មានមោទនភាពចំពោះមាតុភូមិកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិដ៏ចំណាស់ នៅតំបន់អាស៊ីអាគ្នេយ៍ មានដើមកំណើតច្បាស់លាស់ មានភាសា អក្សរ មានការកសាងរៀបចំវប្បធម៌ទាំងរូបី និងអរូបីដ៏ល្បីល្បាញ ឆ្លុះបញ្ចាំងឱ្យឃើញនូវកម្រិតកំពូល នៃអរិយធម៌ដ៏ចំណាស់។ ខ្មែរមានទេពកោសល្យច្នៃប្រតិដ្ឋខ្ពស់ ក្នុងវិស័យស្ថាបត្យកម្ម ចម្លាក់ គំនូរ កំណាព្យ តន្ត្រី ល្ខោន។ល។ ជាក់ស្តែងយើងអាចមើលឃើញពី ទេព្យកោសល្យទាំងនោះ តាមរយៈសំណង់ប្រាសាទនានា របស់ខ្មែរ ដែលនរណាឃើញហើយក៏ស្ញប់ស្ញែង។

ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦នេះ បន្តរក្សាប្រធានបទដដែល ក្នុងបំណងជំរុញឱ្យប្រជា ជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសយុវជន ដែលជាអ្នកបន្តវេន បានចូលរួមកាន់តែសកម្ម ថែមទៀតក្នុងសកម្មភាពវប្បធម៌ជាតិដូចជា៖

លើកកម្ពស់ស្មារតីមោទនភាព មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាប័ន្ន ដោយបំផុសឱ្យប្រជាជនខ្មែរគ្រប់រូប ចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍ វប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិដើម ភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស រីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការ នយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធុ។

បង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជា ប្រភពមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព តាមរយៈ ការបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍ ដែលរួមចំណែកដល់ការបង្កើតការងារឱ្យកាន់តែច្រើនដែលជួយបង្កើនប្រាក់ចំណូល និង រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

លើកទឹកចិត្តដល់ស្មារតីសហគ្រិនភាព និងការបង្កើតការងារផ្នែកសិល្បៈវប្បធម៌នៅក្នុង ចំណោមយុវជនកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋ ដែលជាសក្តានុពលមួយនៃប្រភពកំណើនសេដ្ឋកិច្ចគន្លឹះនិងថ្មីៗ ជាពិសេសតាមរយៈការផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាន នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ក្នុងគោលបំណងធានាឱ្យបាននូវការផ្ទេរ ចំណេះដឹង និងជំនាញប្រពៃណី ដល់យុវជនជំនាន់ក្រោយ។

លើកកម្ពស់ភាពច្នៃប្រតិដ្ឋ និងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ ដោយប្រើ បច្ចេកវិទ្យាឌីជីថល ព្រមទាំងគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញនិងងាយ ស្រួលដល់ការចូលរួមក្នុងសកម្មភាពវប្បធម៌ សម្រាប់សាធារណជនទូទៅ ជាពិសេស កុមារ យុវជន ស្ត្រី មនុស្សចាស់ និងមានពិការភាព ក្រោមទិសស្លោកសិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នាលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ទំនងពីសង្គម មួយទៅសង្គមមួយពីប្រជាជាតិមួយ ទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅប្រទេស មួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងគោរពគ្នាទៅវិញទៅមកដែលនាំមក នូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។

ជាមួយនេះផងដែរ ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុងទាំងអស់ ដែលបានខិតខំប្រឹងប្រែង ពុះពារគ្រប់ការលំបាក សព្វបែបយ៉ាង ក្នុងការអនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះបុព្វហេតុ ថែរក្សា ការពារ លើកកម្ពស់សីលធម៌ គុណធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ការពង្រឹងអត្តសញ្ញាណជាតិ និងកិត្យានុភាពជាតិស្របតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិ កាលទី៧ នៃរដ្ឋសភា។

ខេត្តកោះកុង ក៏ត្រូវបានកំណត់ជាតំបន់ ដែលមានសម្បត្តិបេតិកភណ្ឌវប្បធម៌ក្រោមទឹក រក ឃើញនៅតំបន់កោះស្តេច ឆ្នាំ២០០៦ ដែលមានបំណែកសំពៅ និងកុលាលភាជន៍ទម្ងន់ .៥៥១ គីឡូក្រាម (ប្រាំពីរពាន់ប្រាំរយហាសិបមួយគីឡូក្រាម) មានកាលបរិច្ឆេទនៅសតវត្សទី១៥ នៃ គ្រិស្តសករាជ ដោយបច្ចុប្បន្ននេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានថែរក្សា អភិរក្ស និងរៀបចំដាក់តាំងបង្ហាញ ជូនសាធារណៈជនភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនា នៅបន្ទប់ ពិព័រណ៍ របស់មន្ទីរ ដើម្បីផ្សព្វផ្សាយពីមរតកវប្បធម៌ក្រោមទឹក នៅក្នុងខេត្តកោះកុង។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ គណៈអធិបតី និងអង្គពិធីទាំងមូល សូមទទួលបាននូវសេចក្តីសុខ គ្រប់ប្រការ និងជោគជ័យក្នុងការថែរក្សាលើកតម្កើងតម្លៃវប្បធម៌ជាតិ។ សូម ឯកឧត្តម លោកជំទាវ លោកលោកស្រីអ្នកនាង កញ្ញា លោកគ្រូ អ្នកគ្រូ និងក្មួយៗ យុវជន សិស្សានុសិស្ស ដែលជាស្រទាប់ បន្តវេនទាំងអស់សម្រេចបាននូវការចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ស្របតាមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិដើម្បីរួមចំណែកប្រែក្លាយ ព្រះរាជាណាចក្រកម្ពុជា ទៅជា មជ្ឈមណ្ឌល នៃការផ្សព្វផ្សាយវប្បធម៌ឱ្យកាន់តែសកម្មថែមទៀត និងសូមជូនពរ ឯកឧត្តម លោក ជំទាវ លោក លោកស្រី អ្នកនាង កញ្ញា លោកគ្រូអ្នកគ្រូ និងក្មួយៗយុវជន សិស្សានុសិស្សទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាស បើកទិវាវប្បធម៌ជាតិ មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទយុវជនដើម្បីវប្ប ធម៌ជាតិចាប់ពីពេលនេះតទៅ។