អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំព័ត៌មានក្នុងប្រទេស

ពិធីសូត្រមន្ត រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ទ នាយ-នាយរង និងពលនគរបាលជាតិ ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានរៀបចំពិធីសាសនានិមន្តព្រះសង្ឃចំនួន០៤អង្គ សូត្រមន្ត រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ទ នាយ-នាយរង និងពលនគរបាលជាតិ ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ នៅបូជនីយដ្ឋានគោកឃ្លៀង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ង៉ែត សុខគីម ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីចំណុះនាយកដ្ឋានផ្សព្វផ្សាយអប់រំ និងលោក លោកស្រី សាច់ញាតិម្ចាស់ផ្នូរសព ជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តម ង៉ែត សុខគីម ព្រមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញរាប់បាត្រ និងវេរចង្ហាន់ ព្រមទាំងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធនាយ-នាយរង និងពលនគរបាលជាតិ ដែលបានពលីមរណៈ ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជាទៅកាន់បរលោកផងដែរ៕