ព័ត៌មានក្នុងប្រទេស

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល​កម្ពុជា​លើកឡើង​ពី​ហានិភ័យ ​និងវិធីថែទាំសុខភាព​ក្នុងគ្រាដែល​រលក​កម្ដៅ​ឡើងដល់កម្រិតបំបែកកំណត់ត្រា

នៅថ្ងៃពុធសប្តាហ៍នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​កម្ពុជាបានលើកឡើងដោយព្រមាន​ពី​ហានិភ័យចំពោះសុខភាព ខណៈ​ដែលសីតុណ្ហភាព​ក្នុងប្រទេសកម្ពុជា​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​។

ក្នុងការលើកឡើងខាងលើ លោកជំទាវវេជ្ជបណ្ឌិតបានជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពកុំឱ្យខ្វះជាតិទឹកក្នុងខ្លួន ដោយនាំគ្នាពិសារទឹកឱ្យបានច្រើន ហើយលោក​ស្រី​បានគូសបញ្ជាក់ថា​ ​សីតុណ្ហភាពក្នុងពេលបច្ចុប្បន្ន​នេះ​គឺ​ជា​កម្រិតក្តៅ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជាដោយតំបន់ខ្លះអាចឡើងដល់ ៤៦អង្សារឯណោះ។

រៀបរាប់ក្នុងបង្ហោះមួយនៅថ្ងៃពុធនេះ លោកជំទាវវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងមិនត្រូវស្ថិតនៅក្រោមពន្លឺព្រះអាទិត្យយូរពេកនោះទេដើម្បីជៀសវាងបញ្ហារលាកស្បែក ការបែកញើសច្រើន និងការខ្វះជាតិទឹក”

លោកជំទាវបានបន្តថា “​កម្ដៅ​ខ្លាំង​អាច​បណ្ដាល​ឲ្យ​មានការពិបាក​ដកដង្ហើម ឬ​ដួល​សន្លប់ គាំងបេះដូង និងអាចរហូតដល់ថ្នាក់​ស្លាប់ទៀតផង”

លោកជំទាវ​បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​នាំគ្នាស្នាក់នៅ​ទីកន្លែង​ដែល​មានម្លប់ដូចជាក្នុងផ្ទះ ឫក្នុងអគារ ហើយ​ប្រសិនបើ​មាន​អារម្មណ៍ថា​ក្តៅ​ខ្លាំង សូម​ប្រើ​កន្សែង​សើម ឬ​ក្រមា​ដើម្បីគ្រប​ខ្លួន ហើយ​ផឹក​ទឹកឲ្យបាន​ពី ២ ទៅ ៣លីត្រ​ក្នុង​មួយថ្ងៃ​​។

ជាមួយគ្នានេះ លោកជំទាវក៏បានណែនាំឲ្យប្រជាពលរដ្ឋស្លៀកពាក់ស្រាលៗ និងដៃវែង ហើយប្រើឡេការពារកម្តៅថ្ងៃ ឬឆ័ត្រដើម្បីការពារខ្លួនពីពន្លឺព្រះអាទិត្យផងដែរ។

លោកជំទាវបានបន្ថែមទៀតថា ប្រសិនបើនៅក្នុងផ្ទះ ឬអគារ អ្នកអាចប្រើប្រាស់កង្ហារ ឬម៉ាស៊ីនត្រជាក់ ដើម្បីកាត់បន្ថយកំដៅ និងជៀសវាងការទទួលទានផ្អែមពេក ប្រៃពេក ឬខ្លាញ់ពេក។

ដោយឡែក ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីសប្តាហ៍កន្លងទៅ ប្រទេសកម្ពុជាបានកត់ត្រាពីសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងរដូវក្ដៅនេះក្នុងរយៈពេលប្រហែល ១៧០ឆ្នាំកន្លងមកនេះ។

យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម សីតុណ្ហភាពក្នុងខេត្តមួយចំនួននៅភាគខាងជើង ឦសាន ភាគពាយ័ព្យ កណ្តាល និងភាគខាងត្បូងនៃប្រទេសបានឡើងដល់ ៤៣អង្សាសេនៅថ្ងៃពុធនេះ ហើយសីតុណ្ហភាពដែលស្ថិតក្នុងកម្រិតប្រកាសអាសន្ននេះនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។

ជាមួយគ្នានេះ ឯកឧត្តម ចាន់ យុត្ថា បានឲ្យដឹង​ថា សីតុណ្ហភាព​នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះវិញ​នៅ​ដើម​ខែ​ឧសភានេះ ដោយសារមានការព្យាករណ៍ថានឹងមានភ្លៀង​ធ្លាក់៕