ព័ត៌មានក្នុងប្រទេសសេចក្តីជូនដំណឹង

រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង សូមជូនដំណឹង ស្ដីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ ជូនដល់ម្ចាស់ក្បាលដីស្ថិតក្នុង ភូមិតាកាប ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូនដំណឹងដល់ម្ចាស់ក្បាលដី ដែលស្ថិតក្នុងតំបន់វិនិច្ឆ័យភូមិតាកាប ឃុំខ្នងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ យោងអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការនៃការចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីដែលស្ថិតនៅក្នុងភូមិតាកាប ឃុំខ្នងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណវត្តខ្លុងពពក ស្ថិតក្នុងភូមិក្រោយវត្ត ឃុំខ្នងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ ចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពី ថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណទាំងនោះមក ប្រគល់ឱ្យមន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០២៤ ជាកំហិត។

ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកប័ណ្ណទាំងនោះ មកជូនមន្ត្រីរដ្ឋបាលសុរិយោដី ធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក ៕