ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ចលើសពីការរំពឹងទុកក្នុងត្រីមាសទីមួយ ប៉ុន្តែទស្សនវិស័យនៅបន្តស្ថិតក្នុងភាពមិនប្រាកដប្រជា

យោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលដែលចេញផ្សាយនៅថ្ងៃចន្ទនេះបានបង្ហាញថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤នេះ ឥណ្ឌូនេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រេចបានកំណើនសេដ្ឋកិច្ចលើសការរំពឹងទុក ដែលជំរុញដោយការចំណាយសាធារណៈខ្ពស់សម្រាប់ការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែក៏នូវប្រឈមមុខនឹងឧបសគ្គក្នុងការការរក្សាឲ្យបាននូវល្បឿនកំណើនរឹងមាំផងដែរដោយសារតែកត្តានៃការអភិវឌ្ឍសកល និងភាពតឹងរ៉ឹងនៃលក្ខខណ្ឌរូបិយវត្ថុក្នុងស្រុក។

តាមរបាយការណ៍ខាងលើ ឥណ្ឌូនេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥,១១ភាគរយដែលជាកម្រិតមូលដ្ឋានប្រចាំឆ្នាំក្នុងអំឡុងពីខែមករាដល់ខែមីនា ខណៈដែលនេះគឺជាអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេលបីត្រីមាសចុងក្រោយ។

កំណើនខាងលើនេះមានកម្រិតលើសពីការព្យាករណ៍ក្នុងអត្រា ៥ភាគរយដែលរំពឹងទុកដោយអ្នកសេដ្ឋកិច្ច និងលើសពីកម្រិត ៥,០៤ភាគរយដែលសម្រេចបានកាលពីក្នុងត្រីមាសទីបួន ឆ្នាំ២០២៣។

ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៤នេះ ការចំណាយលើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី ១៤ កុម្ភៈ និងការចំណាយក្នុងគ្រួសារខ្ពស់ជាងមុនសម្រាប់ខែរ៉ាម៉ាដានរបស់ជនជាតិមូស្លីមដែលបានចាប់ផ្តើមនៅក្នុងខែមីនាបានជួយជំរុញដល់សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ កត្តាទាំងនេះបានជួយប៉ះប៉ូវដល់ផលប៉ះពាល់សេដ្ឋកិច្ចដែលរងគ្រោះដោយសារការធ្លាក់ចុះនៃការនាំចេញទំនិញកាលពីឆ្នាំមុន។

គួរឲ្យដឹងថា ឥណ្ឌូនេស៊ីគឺគឺជាប្រទេសនាំចេញធ្យូងថ្ម ប្រេងដូង និងនីកែលដ៏ធំបំផុតរបស់ពិភពលោកក្នុងចំណោមទំនិញផ្សេងៗទៀត។

សូមបញ្ជាក់ថា ជុំវិញរបាយការណ៍កំណើនសេដ្ឋកិច្ចខាងលើ អត្រាដែលសម្រេចបានក្នុងត្រីមាសទីមួយនេះនៅមានភាពយឺតជាងការព្យាករណ៍របស់រដ្ឋាភិបាលដែលមានកម្រិត ៥,១៧ភាគរយនៅឡើយទេ ហើយសម្រាប់ឆ្នាំ២០២៤នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងកំណត់គោលដៅកំណើនក្នុងកម្រិត ៥,២ភាគរយ កើនឡើងពីកម្រិត ៥,០៥ភាគរយដែលសម្រេចបានកាលពីឆ្នាំមុន៕