ព័ត៌មានក្នុងប្រទេសសេចក្តីជូនដំណឹង

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់អត្តសញ្ញាណទិន្នន័យ ការកសាងផែនទីក្បាលដីលើទីតាំងរបស់ប្រជាពលរដ្ឋដែលប៉ះពាល់នឹងគម្របព្រៃឈើឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់ និង អាស្រ័យផលនៅលើទីតាំងដីដែលប៉ះពាល់នឹងគម្របព្រៃឈើឆ្នាំ២០០២ ឱ្យបានជ្រាបថា៖ អនុវត្តតាមខ្លឹមសារលិខិត លេខ ៨១០ដនស/អ.ជ.ដ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមការងាររដ្ឋបាលខេត្ត ស្រុក និងជំនាញពាក់ព័ន្ធ នឹងធ្វើការកំណត់អត្តសញ្ញាណសម្រង់ទិន្នន័យកសាងផែនទី ក្បាលដីលើទីតាំងដីរបស់ប្រជាពលរដ្ឋដែលប៉ះពាល់នឹងគម្របព្រៃឈើឆ្នាំ២០០២ ដែលមិនទាន់បានផ្តល់ព័ត៌មាន ទិន្នន័យពាក់ព័ន្ធដីអាស្រ័យផលយូរណាស់មកហើយ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែមីនា ដល់ខែធ្នូ ឆ្នាំ២០២១ សូមមកដាក់ពាក្យនៅតាមសាលាឃុំ ដោយតម្រូវឱ្យភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធដូចខាងក្រោម៖

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ
-ឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី (លិខិតទិញ-លក់ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតផ្ទេរសិទ្ធិ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុ…ល…)។

ទទួលបានសេចក្តីជូនដំណឹងខាងលើនេះ សូមប្រជាពលរដ្ឋរួសរាន់មកដាក់ពាក្យនៅសាលាឃុំ ឱ្យបាន ទាន់ពេលវេលានៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ជាកំហិត ៕