ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ព្រមាន​វាយប្រហារ​លើ​ទីតាំងយោធារបស់អង់គ្លេសជុំវិញការផ្តល់ជំនួយជាសព្វាវុធដល់អ៊ុយក្រែន​

នៅ​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ ក្រសួងការបរទេសរុស្ស៊ី​បាន​លើកឡើងដោយព្រមានចក្រភព​អង់គ្លេសថា ប្រសិនបើ​អាវុធរបស់​អង់គ្លេស​ត្រូវ​បាន​ប្រើ​ប្រាស់ដោយ​អ៊ុយក្រែន​សម្រាប់វាយ​ប្រហារ​លើទឹកដី​រុស្ស៊ី នោះ​ទីក្រុង​ម៉ូស្គូ​នឹងអាចធ្វើការ​វាយ​បក​វិញ​ទៅលើទីតាំងយោធា​របស់​អង់គ្លេសនានាទាំង​នៅ​ក្នុងទឹកដី​អ៊ុយក្រែន និង​កន្លែង​ផ្សេង​ទៀត។

ការព្រមានខាងលើនេះត្រូវបានធ្វើឡើងទៅកាន់ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងមូស្គូលោក Nigel Casey បន្ទាប់ពីត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសរុស្ស៊ីសម្រាប់ការតវ៉ាជាផ្លូវការក្រោយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយថាអ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធរបស់អង់គ្លេសដើម្បីវាយប្រហារប្រទេសរុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា សុន្ទរកថារបស់លោក Cameron បានទទួលស្គាល់ថា បច្ចុប្បន្នចក្រភពអង់គ្លេសគឺជាផ្នែកមួយនៃជម្លោះ ហើយបានអំពាវនាវឲ្យឯកអគ្គរដ្ឋទូតអង់គ្លេសឱ្យធ្វើការគិតដល់ផលវិបាកដ៏មហន្តរាយដែលជៀសមិនរួចនៃជំហានអរិភាពបែបនេះដោយទីក្រុងឡុងដ៍ និងធ្វើការបដិសេធភ្លាមៗនូវសេចក្តីថ្លែងការណ៍បែបញុះញង់របស់ប្រមុខការទូតអង់គ្លេសខាងលើនេះ។

សូមជម្រាបថា ការលើកឡើងរបស់លោក Cameron ខាងលើ ត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍កន្លងទៅ ដោយលោកបាននិយាយ អ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធដែលផ្តល់ដោយទីក្រុងឡុងដ៍ ដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ហើយវាអាស្រ័យលើទីក្រុង Kyiv ជាអ្នកសម្រេចចិត្ត៕