រដ្ឋបាលរាជធានី-ខេត្ត

ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT E-Administration)”

មណ្ឌលគិរី៖  នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ន សារុន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ “(GDT E-Administration)” ដោយមានការចូលរួមពីសំណាក់លោក អ៊ឹងតិចណិញ ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីនៃសាខាពន្ធដារខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាខាពន្ធដារ ខេត្តមណ្ឌលគិរី។ លោក ស៊ន សារុន អភិបាលរងខេត្ត មានប្រសាសន៍ថា ការបើកសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យអង្គភាពស្ថាប័ន សហគ្រាស និងអ្នកជាប់ពន្ធទាំងអស់ យល់ដឹងកាន់តែច្បាស់ ពិសេសទាក់ទងនឹងវឌ្ឍនភាពការងារថ្មីៗ និងវិធានការនានាដែលបានដាក់ចេញ និងដាក់ឱ្យអនុវត្តនាពេលបច្ចុប្បន្ននេះ ដែលជាប្រយោជន៍ដ៏សំខាន់ សម្រាប់ការងារទាក់ទងជាមួយពន្ធដារក៏ដូចសាខាពន្ធដារខេត្ត។

លោក បានជំរុញ និងលើកទឹកចិត្តអង្គសិក្ខាសាលាទាំងអស់ ចូលរួមលើកជាមតិយោបល់ សំណួរពាក់ព័ន្ធ ដើម្បីផ្តល់ធាតុចូលបន្ថែមនិងស្រូបយកចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៍ អនុវត្ត សម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព។ លោក អភិបាលរងខេត្ត សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងយល់កាន់តែច្បាស់នូវការបង់ពន្ធលើអចលនទ្រព្យនីតិវិធីក្នុងការដាក់ឯកសារប្រថាប់ត្រាលើការលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងកម្មវិធីថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការដាក់ឯកសារតាមអនឡាញ(online)ដែលសមិទ្ធផលថ្មីមួយរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងសម័យសេដ្ឋកិច្ចឌីជីថលនេះ។

លោក អ៊ឹង តិចណិញ ប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការរៀបចំសិក្ខាសាលានាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីកម្មវិធីថ្មីមួយ ដែលនាយកដ្ឋានពន្ធដារ បានបង្កើតឡើងជាកំណែទម្រង់ស៊ីជម្រៅដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពស្ថាប័ន សហគ្រាស និងអ្នកជាប់ពន្ធ ក្នុងការដាក់ឯកសារពុំចាំបាច់ជួបជាមួយមន្ត្រីពន្ធដារ ឬមកអង្គភាពផ្ទាល់ ក៏រួមចំណែកកាត់បន្ថយចំណាយ ជូនអង្គភាព ស្ថាប័ន សហគ្រាស និងអ្នកជាប់ពន្ធផងដែរ ព្រមទាំងកាន់តែជ្រួតជ្រាបកាន់តែច្បាស់ ស្តីពីការដាក់ឯកសារតាមកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT E-Administration) រួមទាំងបានយល់ដឹងស្តីពីពន្ធលើអចលនទ្រព្យ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ៕