ព័ត៌មានក្នុងប្រទេស

អបអរសាទរ​ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

ខេត្តកោះកុង​៖​ ថ្ងៃសៅរ៍ ១១ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លើកទី១ ”

លោកជំទាវអភិបាល បានលើកឡើងថា ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះ ក្រុមការងារបច្ចេកទេសកីឡាវាយកូនហ្គោល ក្រុមហ៊ុន វិស័យឯកជននានា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាន ផ្តួចផ្តើមគំនិតរៀបចំឱ្យមានព្រឹត្តិការណ៍ “ការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លើកទី១ ” នេះឡើងនៅលើទឹកដីខេត្តកោះកុងរបស់ យើងខ្ញុំ។ ជាមួយគ្នានេះ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ព្រមទាំងកីឡាករវាយកូនហ្គោល និងមិនមែនកីឡាករវាយកូនហ្គោល រួមទាំងតំណាងអ្នកឧបត្ថម្ភ និងភ្ញៀវកិត្តិយស ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកគាំទ្រ ឧបត្ថម្ភ និងការចូលរួមការប្រកួតកីឡា វាយកូនហ្គោល ក្នុងឱកាសនេះ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាក៏ជាវិស័យមួយ ដែលរាជរដ្ឋាភិបាលបានគិតគូរ និងបានយកចិត្តទុកដាក់ផងដែរ។ ជាក់ស្ដែង សម្ដេចតេជោ បានមានប្រសាសន៍ ស្នើដល់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី បង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឱ្យបានកាន់ តែច្រើនបន្ថែមទៀតនៅតាមបណ្ដាប្រទេសសមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើន ការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេសទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជា ប្រភេទទេសចរណ៍បៃតងដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាព ប្រកបដោយចីរភាពក្នុងតំបន់។ ជាមួយគ្នានេះ យើងទាំងអស់គ្នាក៏បានដឹងមកហើយថាក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាយើង ទទួលបាននូវភាពជោគជ័យដ៏អស្ចារ្យ ដោយបានបង្ហាញពីកិត្យានុភាពរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់ និង ពិភពលោក បានស្គាល់តាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលបានបិទបញ្ចប់ជាផ្លូវការ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។ ការទទួលបានភាពជាម្ចាស់ផ្ទះនេះ មិនត្រឹមតែជាមោទកភាព របស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវ ខ្ពស់របស់ប្រទេសកម្ពុជា ក្នុងតួនាទីជាម្ចាស់ផ្ទះនៃមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ផងដែរ។
ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងអង្គពិធីទាំងមូល ជាទីមេត្រី ! ការរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល លើកទី១ នាពេលនេះ គឺ ក្នុងគោលបំណងដើម្បីបង្កើននិងរឹតចំណងមិត្តភាព ពង្រឹងភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តកោះកុង ស្របតាមគោលនយោបាយរបស់ប្រមុខ រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតងក្នុងការរួម ចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងស្របតាម “យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១- ២០២៣” ដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២១ ដែលនេះជាយុទ្ធសាស្ត្ររួមចំណែកក្នុងការសម្រេច បាននូវចក្ខុវិស័យរបស់ប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៣ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ទន្ទឹមនឹងនេះ ការរៀបចំព្រឹត្តការណ៍នេះ នឹងបានជួយជំរុញនិងផ្សព្វផ្សាយ អំពីការលេងកីឡាការវាយកូនហ្គោល ដល់សាធារណជននៅក្នុងខេត្តកោះកុង យើងខ្ញុំផងដែរ។
មុននឹងបញ្ចប់ និងជាថ្មីម្តងទៀត នាងខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងសូមអរគុណចំពោះ ក្រុមការងារបច្ចេកទេសកីឡាវាយកូនហ្គោល ក្រុមហ៊ុន វិស័យឯកជននានា និងអ្នកពាក់ព័ន្ធទាំងអស់ ដែល បានផ្តួចផ្តើមរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល នេះ។ និងសូមគោរពថ្លែងអរគុណចំពោះ ឯក ឧត្តមនាយឧត្តមនាវី ឯកឧត្តមឧត្តមសេនីយ៏ឯក ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ អស់លោកក្រុមការងារបច្ចេកទេស និងក្រុមកីឡាករទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្ល អញ្ជើញចូលរួមក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល នាពេលនេះ។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណ ចំពោះ ឧត្តមនាយឧត្តមនាវីឯកឧត្តមឧត្តមសេនីយ៏ឯក ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរ ជ័យសេរីមង្គលបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមប្រកាសបើកការ ប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លើកទី ១ ចាប់ពីពេលនេះតទៅ ។