បច្ចេកវិទ្យា

Galaxy S10 5G នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី០៥ ខែមេសាខាងមុខនេះ

GSMARENA: កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung ទើបតែបានប្រកាសពីស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួន០៥ប្រភេទខុសៗគ្នាដោយក្នុងនោះមានដូចជា S10, S10+, S10e, Galaxy Fold ហើយព្រមទាំង Galaxy S10 5G ផងដែរ។
 
ក្រោយពីការប្រកាសខាងលើ Samsung មិនបានបញ្ចេញស្មាតហ្វូនទាំងនោះលើទីផ្សារក្នុងពេលជាមួយគ្នានោះទេពោលគឺមានតែ Galaxy S10, S10+ ប៉ុណ្ណោះដែលត្រូវបានបញ្ចេញលក់លើទីផ្សារមុនគេ។
 
ដោយទ្បែក មកទល់ពេលនេះ យើងទើបតែទទួលបានព័ត៌មានថា Samsung នឹងបញ្ចេញលក់ Galaxy S10 5G ជាលើកដំបូងក្នុងទឹកដីរបស់ខ្លួននៅថ្ងៃទី០៥ ខែមេសាខាងមុខនេះហើយ។
 
សូមជម្រាបថា Galaxy S10 5G មិនមែនគ្រាន់តែជា Galaxy S10 ដែលអាចដំណើរការប្រព័ន្ធ 5G បានដូចអ្វីដែលអ្នកគោតនោះទេ តែវាជាឧបករណ៍មួយដែលផ្តល់បទពិសោធន៍នៃការប្រើប្រាស់ខុសពីគ្នាគ្រាន់តែនៅលើរសជាតិនៃរចនាបថតែមួយ។
 
Galaxy S10 5G មានអេក្រង់ទំហំ ៦,៧ អ៊ីញជាមួយកម្រិតបង្ហាញរូបភាព Quad HD + អមជាមួយអេក្រង់កោងប្រភេទ Dynamic AMOLED ដែលមានសមាមាត្រអេក្រង់ 19: 9។
 
ស្មាតហ្វូនកំពូលជំនាន់ថ្មីនេះភ្ជាប់មកជាមួយកាមេរ៉ាចំនួន៣គ្រាប់នៅផ្នែកខាងក្រោយដែលដូចគ្នាទៅនឹង S10 + ដែរហើយវាក៏ត្រូវបានបំពាក់មកជាមួយសេនស័រប្រភេទ 3D depth sensor មួយគ្រាប់បន្ថែមទៀតផងដែរ។
 
ក្រៅពីនេះ Galaxy S10 5G ភ្ជាប់មកជាមួយអង្គចងចាំ (RAM) ទំហំ ៨ ជីកាបៃ (GB) និងអង្គផ្ទុកទិនិ្នន័យក្នុងម៉ាស៊ីន០២ជម្រើសគឺ ២៥៦ ជីកាបៃ(GB) ឬ ៥១២ ជីកាបៃ(GB) ព្រមជាមួយថាមពលថ្ម៤៥០០ មីលីអំពែ(mAh) ជាមួយឆ្នាំងសាកល្បឿន២៥វ៉ាត់ហើយថែមទាំងដើរដោយ Android 9 Pie ចេញពីប្រអប់ស្រាប់ទៀតផង។
 
យ៉ាងណាមិញ ក្រុមហ៊ុនខាងលើមិនទាន់ធ្វើការបញ្ជាក់ពីតម្លៃរបស់ស្មាតហ្វូន 5G ជំនាន់ថ្មីរបស់ខ្លួននេះនោះទេ។
 
-DM-